ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត សម្រេច​ជាង ៩៨%​ហើយ

​ភ្នំពេញ​៖ គិត​រហូត​មកទល់ពេលនេះ នៅ​សេសសល់​តែ​ការងារ​មួយចំនួន​តូច​ប៉ុណ្ណោះ​ ​បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត កាមេរ៉ា​សុវត្ថិភាព ជញ្ជីង​ថ្លឹង​ទម្ងន់​ក្រោម​ដី និង​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅក្នុងស្ថានីយ៍ ដោយឡែក ស្ពាន​អាកាស​ថ្មើ​ជើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ឋិត​នៅ​ម្ដុំ​ត្រាំខ្នា​គ្រោង​នឹង​បញ្ចប់​ការងារ​ទាំងស្រុង​ក្នុង​ចុងខែ​មិថុនា ឆ្នាំ​២០២១​ខាងមុខ ពោលគឺ​ក្នុង​រយៈពេល​មួយខែ​ទៀត​ចាប់ពី ពេលនេះ​តទៅ​។​

​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​កំពុងរ​ស់​នៅ​អាស្រ័យ​ផល​តាម បណ្តោយ​ផ្លូវ​នេះ នឹង​សហការ​ជាមួយ​ក្រសួង ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ដល់​បរិស្ថាន​រស់នៅរ​បស់បង​ប្អូន​មាន​សោភ័ណភាព​ស្អាត ដូចជា​ការដាំ​ដើម​រុក្ខជាតិ ឬ​ដាំ​ស្មៅ​លម្អ​ន្ថែ​ម​ជាដើម និង​សូម​អំពាវនាវ​សុំឱ្យ​បងប្អូន​មេត្តា​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឱ្យបាន​គង់វង្ស​ប្រកបដោយ​សោភ័ណភាព សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ អាច​ប្រើប្រាស់​បានយូរ​អង្វែង និង​ជួយ​សន្សំសំចៃ​ថវិកាជាតិ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែលមាន ប្រវែង​សរុប​១៣៤,៧៩៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ពី​ចោមចៅ (​ភ្នំពេញ​) ទៅ​បែក​គុ​ស (​ខេត្តតាកែវ​) ប្រវែង​៧០ គីឡូម៉ែត្រ ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់​២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​)​។ ដំណាក់កាល​ទី​២ ពី​បែក​គុ​ស​ទៅ​ក្រុង​កំពត ប្រវែង​៦៤,៨២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC កម្រាស់ ៧​សង់ទីម៉ែត្រ ពង្រីក​ទទឹង​តួ​ផ្លូវ រហូតដល់​១២ ម៉ែត្រ ចែកជា​២​គន្លង​។

​គម្រោង​នេះ​ចំណាយ​ថវិកា សរុប​ប្រមាណ ២១៩ ៩១១ ០០០​ដុល្លារ​អាម៉េរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់​រយៈពេល​សាងសង់​៤៨​ខែ​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close