៥ខែ ដើមឆ្នាំនេះ កម្ពុជា សម្រេចការនាំចេញកសិផលទៅក្រៅប្រទេសប្រមាណជាង ៤លានតោន កើនឡើងជិត៩០%
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញថា ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កសិផលសំខាន់ៗ ដែលបាននាំចេញ មានដូចខាងក្រោម៖
១.ការនាំចេញអង្ករ នាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះ -៣៤,៥៦%
២.ការនាំចេញស្រូវ នាំចេញមានចំនួន ១ ៦១៤ ២១១តោន កើនឡើង៨២%
៣.ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ០៩៩ ០២៣,៩១តោន កើនឡើង៦៧% ក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៥០មុខផ្សេងទៀត។
៤. តម្លៃនៃការនាំចេញកសិផល៖
ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ដុល្លាអាមេរិក។
៥. សន្និដ្ឋាន៖ ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។