នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាលាខេត្ត

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្ដម អស់លោកគណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនក្នុងខេត្ត ប្រធានវរព្រំដែន អធិការនគរបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ប្រមាណ ២៥០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីនៅថ្ងៃនេះ ព្រមទាំងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ព្រមទាំងការងារសំខាន់ៗផ្សេងទៀតដែលជាប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។

ទន្ទឹមនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ៥៦៧ អនក្រ.តត ចុះថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោក រស់ ផារិទ្ធ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close