រន្ទះបាញ់ ស្លាប់មនុស្ស២នាក់ និងរបួស២នាក់ទៀត នៅស្រុកក្រគរ!

ខេត្តពោធិ៍សាត់៖ ករណីដែលបង្កឡើងដោយគ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្សចំនួន២នាក់ និងរបួសចំនួន២នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍ពីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះទាំង ៤នាក់នេះ៖ ១-ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់), ២-ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់), ៣-ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រងរបួសស្រាល) និង៤-ឈ្មោះ ប៉ាន កាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសស្រាល)។ អ្នកទាំង៤ មានទីលំនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាក្សីបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់ កំពុងនាំគ្នាធ្វើរោងចាំស្រែ នៅចំណុចកើតហេតុខាងលើ ខណៈនោះ មេឃស្រទំ និងមានភ្លៀងរលឹមស្រិចៗ លាយឡំជាមួយផ្គរ និងរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ ២នាក់ នៅកន្លែងកើតហេតុ និងរងរបួសស្រាល ២នាក់។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋាន បានចុះពិនិត្យ និងប្រគល់ជនរងគ្រោះដែលស្លាប់ទាំង ២នាក់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។