ថៃ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដកើន ២,៦៣១ករណី និងស្លាប់ ៣១នាក់ទៀត

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃ នៅព្រឹកនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣១នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់១៧៧នាក់។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៣១ករណីផងដែរ ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន១ពាន់៩៧៩ករណី។ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៤៤២ករណី គឺជាប្រជាជនទូទៅ និង១៨៩ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺចំនួន២ពាន់៤៩៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ជាពេលដែលផ្ទុះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩ បានចាប់ផ្តើមនោះ ប្រទេសថៃ បានកត់ត្រាអ្នកឆ្លងប្រមាណ១៤ម៉ឺន៣ពាន់១១៦ករណី និងអ្នកជាសះស្បើយឡើងវិញ៩ម៉ឺន៣ពាន់២៧១នាក់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។