UNDP និង Australian Aid ផ្តល់ជំនួយ​ឧបករណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ដល់គយកម្ពុជា

កាលពីរសៀល​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីគយនិងរដ្ឋាករកម្ពុជាពាក់ព័ន្ធ បានទទួលឧបករណ៍និងសម្ភារបរិក្ខារអនាម័យសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid19) ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី (Australian Aid)ដើម្បីបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្មព្រំដែន។

តបតាមការស្នើសុំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ នេះជាគម្រោងលើកទី២ ដែល UNDP និង Australian Aid បានសម្រេចផ្តល់ឧបករណ៍និងសម្ភារបរិក្ខារអនាម័យបន្ថែមទៀត ជូនអគរ រួមមាន ១).ឧបករណ៍វាស់កម្តៅ ចំនួន ១០ គ្រឿង ២). ជែលអាល់កុលលាងដៃ 500mlចំនួន ៣១២ដប ៣). ស្រោមដៃប្លាស្ទិក ចំនួន ១០,០០០គូ ៤). ម៉ាស់ KN95 ២៥,០០០ បន្ទះ និង៥). ឧបករណ៍បាញ់អាល់កុលស្វ័យប្រវត្តិ ចំនួន ១៥ គ្រឿង។ ឧបករណ៍និងសម្ភារបរិក្ខារអនាម័យទាំងនេះ នឹងធ្វើការបែងចែកឱ្យទៅការិយាល័យគយនិងរដ្ឋាករកម្ពុជា ចំនួន០៤ រួមមាន៖ ការិយាល័យគយនិងរដ្ឋាករដូង, ការិយាល័យគយនិងរដ្ឋាករព្រំ, ការិយាល័យគយនិងរដ្ឋាករភ្នំដី និងការិយាល័យគយនិងរដ្ឋាករចាំយាម ។

ការប្រគល់-ទទួលឧបករណ៍សម្ភារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អគរ និង UNDP និង Australian Aid ដើម្បីជំរុញ និងធានាការបន្តបើកព្រំដែនសម្រាប់សម្រួលរំហូរសកម្មភាពពាណិជ្ជកម្មឆ្លងដែន លើការនាំចេញ និងការនាំចូលជាប្រក្រតី និងដើម្បីចូលរួមទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ និង ២ចូលរួម” របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close