រដ្ឋមន្ត្រីក្រសួង​ការងារ ថ្លែង​សុន្ទរកថា ត្រៀម​ចូលរួម​អបអរសាទរ ក្នុង​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ បាន​អញ្ជើញ​ថត​ថ្លែង​សុន្ទរកថា ត្រៀម​ចូលរួម​អបអរសាទរ​ក្នុង​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “TVET ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​” ដែល​នឹងត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក TVET News នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​។​

​ក្នុង​ស្មារតី​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ការរៀបចំ​ទិវា​ជាតិ​ក្នុងឆ្នាំនេះ ត្រូវបាន​បន្តធ្វើ​ក្នុង​ទម្រង់​ជា​យុទ្ធនាការ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចដែល​បានរៀបចំ​នៅក្នុង​ឆ្នាំ​២០២០ កន្លងមក​ដែរ ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ទូលំទូលាយ​ទូទាំងប្រទេស​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅក្នុង​ការអភិវឌ្ឍ​ជំនាញ​ឲ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​សមត្ថ​ភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​ចាប់យក​ឱកាស​ការងារ​កាន់តែ​ល្អ និង​លើកស្ទួយ​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។

​សូម​ជម្រាបជូន​ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​យ​ក​ថ្ងៃទី​១៥ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និង​ផ្នែក​ឯកជន​ឲ្យ​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុង និង​ក្រៅប្រទេស​។​

​សូម​សិស្សានុសិស្ស យុវជន និង​សាធារណជន រង់ចាំ​ការផ្សាយ​ផ្ទាល់ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​” នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៨:៣០ នាទី ព្រឹក តទៅ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ១.​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​២.TVET-News ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close