ការងារ​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី ខេត្តបាត់ដំបង សម្រេចបាន ៥០%​ហើយ​!

​គម្រោង​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី ស្ថិតនៅ​ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង គឺ​ដើម្បី​រួមចំណែក​រក​ដំណោះស្រាយ​ទឹក ជូន​ប្រជាកសិករ​សម្រាប់​ស្រោចស្រព​បន្ថែម លើ​ផ្ទៃដី​បង្កបង្កើនផល​កសិកម្ម ស្រូវ​រដូវវស្សា​ចំនួន ១.៨៥០​ហិកតា ស្រូវ​រដូវប្រាំង ចំនួន​៣៦០​ហិកតា ដំណាំ​រួមផ្សំ​ចំនួន ៤៧០​ហិកតា និង​ប្រើប្រាស់​ប្រចាំថ្ងៃ ជូន​ប្រជាពលរដ្ឋ​ចំនួន​០៨​ភូមិ មាន​ចំនួន ២.២០៨​គ្រួសារ ។

​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី មាន​តួនាទី​ទទួលយក​ទឹក​ពី​ប្រភពទឹក​មកពី​ប្រទេស​ថៃឡង់​ត៍ ផ្ទៃ​រងទឹក​ភ្លៀង​ពី​ខេត្ត​ប៉ៃលិន និង​មួយផ្នែក​ទៀត​ពី​ផ្ទៃ​រងទឹក​ក្នុង​តំបន់ ហើយ​ហូរ​ចូលទៅ​បឹង​ទន្លេសាប​។ បច្ចុប្បន្ន​ក្រុមការងារ សម្រេចបាន ៥០% ក្នុង​ទំហំ​ការងារ រួមមាន ៖
-​សាងសង់​សំណង់​ស្ទាក់​ទឹក ចំនួន ០១​កន្លែង លើ​ស្ទឹង​មង្គលបុរី​
-​សាងសង់​ទំនប់​សណ្តរ​ស្ទឹង​មង្គលបុរី​ប្រវែង ៣៥០​ម​

​សូមបញ្ជាក់ថា ក្រោយពេល​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី បាន​រួចរាល់​តាម​លក្ខណៈ​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី នឹងមាន​លទ្ធភាព​នាំ​ទឹក​យកមក​សម្រាប់ធ្វើ​ការស្រោចស្រព និង​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អប្រសើរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close