ស្លាប់ និងរបួសជិត ១០០នាក់ ដោយរថភ្លើងពីរគ្រឿងបុកគ្នា នៅប៉ាគីស្ថាន

គ្រោះថ្នាក់រថភ្លើងដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាននាព្រឹកថ្ងៃទី ៧ខែមិថុនា បណ្តាលឲ្យមានអ្នកស្លាប់៣០នាក់និងរបួសជាង៥០ នាក់ហើយមានមនុស្សជាច្រើនជាប់គាំងនៅក្នុងរថភ្លើង។ រថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង នៅព្រឹកថ្ងៃចន្ទនេះ ក្នុងខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដែលបានបង្កឲ្យមនុស្ស ៣០នាក់ស្លាប់ និងជាង ៥០នាក់រងរបួស។

បើតាមអាជ្ញាធរប៉ាគីស្ថាន ហេតុការណ៍រថភ្លើងបុកគ្នាបានកើតមានឡើង នៅចំណុចផ្លូវដែកចន្លោះស្ថានីយរថភ្លើង រ៉ៃទី (Raiti) និង អូបារ៉ូ (Obaro) ស្ថិតនៅក្នុងស្រុក ហ្គោតគី (Ghotki) នៃខេត្ត Sindh រវាងរថភ្លើងរបស់ក្រុមហ៊ុន មីលឡេត អ៊ិចប្រេស (Millat Express) និងក្រុមហ៊ុន សឺ សាយីដ អ៊ិចប្រេស (Sir Syed Express)។ ការបុកគ្នាធ្វើឲ្យទូររថភ្លើងទាំងពីរខ្សែត្រូវខ្ទេចខ្ទី រអិលធ្លាក់ចេញពីផ្លូវ និងខ្លះទៀតក្រឡាប់។

គួរបញ្ជាក់ថា ក្រុមសង្គ្រោះកំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីវេចខ្ចប់សាកសព និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ អាជ្ញាធរស្រុក Ghotki ក៏បានប្រកាសអាសន្ន ចំពោះជំងឺរាតត្បាតសកល COVID-19 ផងដែរនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីឲ្យមន្ទីរនានាបង្កើនការប្រុងប្រយ័ត្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។