ក្រសួងប្រាប់ឲ្យប្រជានេសាទ និងអ្នកដំណើរសមុទ្រប្រុងប្រយ័ត្ន ព្រោះចាប់ពីថ្ងៃស្អែកទៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្រ្តាក់
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃនេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ជាមួយនឹងប្រព័ន្ធសម្ពាធទាប, ហើយពីថ្ងៃទី១៣-១៥ ខែមិថុនា កម្ពុជា ក៏នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលង នៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់វាលទំនាបកណ្តាលមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរទៅច្រើនជាមួយខ្យល់កន្រ្តាក់ខ្លាំងរាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំងរាយប៉ាយនៅភាគឦសានភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។
ដោយឡែកតំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្រ្តាក់ខ្លាំង រលកសមុទ្រខ្ពសៗ ។ ដូច្នេះក្រសួងស្នើដល់បងប្អូនប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។