ចិន​បាន​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ជូន​ពលរដ្ឋ​ជិត​៨០០​លាន​ដូ​ស​ហើយ​

​គណៈកម្មការ​សុខាភិបាល​ជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជាង ៧៧៧.៨​លាន​ដូ​ស​ហើយ ត្រូវបាន​ចាក់​ជូន​ប្រជាជន​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​០៧ ខែមិថុនា ឆ្នាំ​២០២១​។​

​បច្ចុប្បន្ន​ប្រទេស​ចិន​មាន​សមត្ថភាព ផ្ដល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​ប្រជាជន​របស់ខ្លួន​រហូត​ដល់​ទៅ​ខ្ទង់ ២០​លាន​ដូ​ស ឬ​លើស​នេះ​ទៀត​ក្នុង​មួយថ្ងៃ ដែលជា​ចំនួន​ខ្ពស់​ជាងគេ​បំផុត នៅលើ​ពិភពលោក​។​

​គួរ​បញ្ជាក់ថា ប្រទេស​ចិន​បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 ផលិត​ក្នុងស្រុក​ផ្ទាល់ ដើម្បី​ចាក់​ជូន​ប្រជាជន​របស់ខ្លួន​។ សម្រាប់​វ៉ាក់សាំង​ផលិត​ដោយ​ចិន​ដូចជា Sinovac និង Sinopharm ក៏​ត្រូវបាន​បរិច្ចាគ និង​ផ្គត់ផ្គង់​ទៅតាម​ការបញ្ជាទិញ​ពី​ប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​ផងដែរ ខណៈដែល​វ៉ាក់សាំង​ទាំងពីរ​នេះ ត្រូវបាន WHO អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុងករណី​បន្ទាន់​ជា​ផ្លូវការ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close