វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសទៀតបានដឹកមកដល់កម្ពុជានៅព្រឹកនេះ ខណៈ២លានដូសទៀតនឹងដឹកមកជាបន្តបន្ទាប់នៅពាក់កណ្តាលខែនេះ
វ៉ាក់សាំងកូវីដ១៩សរុបចំនួន១លានដូស ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុន Sinovac និង Sinopharm របស់ប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នៅមានវ៉ាក់សាំងជាច្រើនទៀតនឹងត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ពោលគឺនៅប៉ុន្មានថ្ងៃនេះទៀតតែប៉ុណ្ណោះ។ ក្នុងនោះបើតាមការបញ្ជាក់របស់លោកជំទាវថា រាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុន Sinovac ចំនួន៦លានដូស និងពីក្រុមហ៊ុន Sinopharm ចំនួន ៦លានដូស។
ដោយឡែកសម្រាប់យុទ្ធនាការក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវិញ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ជាថ្មីម្តង រាជរដ្ឋាភិបាលនឹងធ្វើការចាក់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ រួចបន្តទៅកាន់ខេត្តកណ្តាល និងទៅកាន់ទីតាំងដែលមានការប្រឈមខ្លាំង ដូចជាបណ្តារោងចក្រដែលមានកម្មករច្រើននៅបណ្តាខេត្តនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។