អាសូរ​ណាស់​! បុរស​ចំណាស់​ម្នាក់ ត្រូវ​ម៉ូតូ​បុក​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​

​ខេត្តពោធិ៍សាត់​៖ បុរស​ចំណាស់​វ័យ​៧០​ឆ្នាំ​ម្នាក់ កំពុង​ជិះ​កង់​ត្រូវ​ម៉ូតូ​បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់ ពេល​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ និង​អ្នកបើក​ម៉ូតូ​ដែលជា​ជនបង្ក​រងរបួស​ធ្ងន់​។ ករណីនេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ចារឹក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​កណ្តៀង បាន​ឲ្យ​ដឹងថា ជនបង្ក​បាន​បើកបរ​ម៉ូតូ ម៉ាក​អ៉ិ​ច​សេន​ធ័​រ គ្មាន​ស្លាក​លេខ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បុក​កង់​ជនរងគ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ធ្ងរ ត្រូវចំ​ក្បាល​ផ្នែក​ខាងក្រោយ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ រីឯ​ជ​ន្ក​រងរបួស​ធ្ងន់​។​

​ជនបង្ក​ឈ្មោះ ឌុ​ច ណាត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ចារឹក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ចំណែក​ជនរងគ្រោះ​ឈ្មោះ រស់ ម៉ៅ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​ករណីនេះ នគរបាល​ជំនាញ បាន​យក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង ដើម្បី​បំពេញបែបបទ​ទៅតាម​នីតិវិធី ដោះស្រាយ​បន្ត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close