អាមេរិក​ប្តេជ្ញា​រក​ប្រភព​កូ​វីដ​១៩, WHO ថា​ជា​រឿង​មិន​ងាយស្រួល​ឡើយ​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បានប្រកាសថា «​រដ្ឋាភិបាល​អាមេរិក បាន​ប្តេជ្ញា ស្វែងរក​ប្រភព​កូ​វីដ​១៩ »​។ ជាមួយគ្នានេះដែរ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា មិនមែនជា​រឿង​ងាយស្រួល​ឡើយ ការស្រាវជ្រាវ​ត្រូវ​ប្រើ​ពេលវេលា​ជាច្រើន​ឆ្នាំ​ទៀត​។​ ​ជាមួយគ្នានេះដែរ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក WHO បានប្រកាស​ឲ្យ​ដឹងថា អង្គការ​នេះ​មិនអាច​បង្ខំ​ឲ្យ​ចិន​ផ្តល់ព័ត៌មាន​ណាមួយ​បន្ថែម​ទៀតឡើយ​ស្តីពី​ប្រភព​កូ​វីដ​១៩​។​

​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៧​ខែមិថុនា អ្នកសារព័ត៌មាន បាន​ចោទសួរ​ឡើង ថា​តើ​អង្គការ​សុខភាព​ពិភពលោក អាច​ស្នើ​ឲ្យ​ចិន​បង្ហាញ​ពី​ប្រភព​កូ​វីដ​១៩​បន្ថែមទៀត ។ អគ្គនាយក​កម្មវិធី​សុខភាព​បន្ទាន់ របស់​WHO លោក Kike Ryan បាន​បញ្ជាក់ថា «​យើង​មិនមាន​សិទ្ធិ​នៅក្នុង​ការដាក់​គំនាប់​ឲ្យ​អ្នកណាម្នាក់ ក្នុងនោះ​មាន​ចិន លើ​បញ្ហា​កូ​វីដ ១៩​នោះឡើយ​»​។​

​លោក Mike Ryan បាន​បញ្ជាក់ថា «​យើង​សង្ឃឹមថានឹង​ទទួលបាន​កិច្ចសហប្រតិបត្តិការ និង​ជួយ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ WHO »​។ ការលើកឡើង​ខាងលើ​របស់ WHO កើតឡើង​ក្រោយ​ពេលដែល ប្រទេស​ជាច្រើន បានដាក់​គំ​នាម​ឲ្យ​បើក​ការស្រាវជ្រាវ​បន្ថែម​ធ្វើ​ឲ្យ​ច្បាស់​ពី​ប្រភព​កូ​វីដ​១៩ ។​

​កាលពី​ថ្ងៃទី​២៧​ខែឧសភា អាមេរិក បាន​អំពាវនាវ​ដល់​អង្គការ​WHO បើក​ការស្រាវជ្រាវ ដំណាក់កាល​ទី​ពីរ ស្តីពី​ប្រភព​កូ​វីដ​១៩ ។ ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ការស្រាវជ្រាវ​លើក​ទី​ពីរ​ធ្វើឡើង​ដោយ​ឯករាជ្យ ក្នុងនោះ​មានការ​ស្រាវជ្រាវ​មន្ទីរ​ពិសោធ​របស់​ចិន​។​

​ប្រភព​កូ​វីដ​១៩ បានក្លាយ​ទៅជា​វិវាទ​ជា​ទ្រង់ទ្រាយ​ធំ​រវាង​អាមេរិក​និង​ចិន ។ អាមេរិក តែងតែ​លើកឡើងថា​ប្រភព​កូ​វីដ ១៩ លិច​ចេញពី​មន្ទីរ​ពិសោធ​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close