រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ២០នាក់ទៀត ខណៈមានជាសះស្បើយ ៦នាក់
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ២០នាក់បន្ថែមទៀត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខណៈមានជាសះស្បើយពីជំងឺនេះ ៦នាក់ផងដែរ។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីទី១ ដល់ទី៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ ចំពោះករណីទី៦ ដល់ទី១៣ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ដោយឡែក ករណីទី១៤ ដល់ទី២០ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។
សម្រាប់ព្យាបាលជាសះស្បើយទាំង ៦នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៤៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩០នាក់ ស្លាប់២នាក់ និង ១៥៧នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។