សហគមន៍ពាមក្រសោបជាង ១០០គ្រួសារ អាចរកចំណូលបាន ៤លានដុល្លារ ទៅ៦លានដុល្លារ ក្នុងមួយឆ្នាំ ពីខ្យងចំពុះទា

ខេត្តកោះកុង៖ ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មី ដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទា ត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ហិកតា ដែលអាចផលិតខ្យងចំពុះទា ជាមធ្យម ៣ ១៦៣តោន ក្នុងមួយឆ្នាំ ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ។

ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ ០០០រៀល និងចំហុយបកសំបករួច មានតម្លៃ ៦០ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ ៤ ៥០០ ០០០ -៦ ០០០ ០០០ដុល្លារ ក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ ខ្យងចំពុះទា ដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។
ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។