គ្រាប់មីន និង​គ្រាប់កាំភ្លើង​ជាច្រើន​រយ​គ្រាប់ ត្រូវបាន​ប្រទះឃើញ នៅ​ស្រុក​រតនមណ្ឌល​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​រតនមណ្ឌល បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ពី​ករណី​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ជាច្រើន ខណៈ​កំពុង​នេសាទ​ត្រី នៅតាម​ដងស្ទឹង ក្នុង​មូលដ្ឋាន​ខាងលើ​។​

​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ មាន​៖
-​គ្រាប់មីន​ប្រភេទ​72A​ចំនួន ៣៦​គ្រាប់​
-​គ្រាប់កាំភ្លើង​ប្រភេទ B40​ចំនួន ០៣​គ្រាប់​
-​គ្រាប់កាំភ្លើង​ប្រភេទ K57​ចំនួន ៥០០​គ្រាប់​។​

​លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បាន​បញ្ជាក់ថា នៅ​ចំណុច​ដែល​ប្រជាពលរដ្ឋ​លោក​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនេះ កាលពី​សម័យ​សង្គ្រាម​ចំណុច​នោះ​ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួចស្រាវ​មួយ ក្នុងចំណោម​ចំណុច​ផ្សេងទៀត ក្នុងស្រុក​រតនមណ្ឌល​។

យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ អាចជា​របស់​កងទ័ព​ក្នុងសម័យ​នោះ ដែល​រក្សាទុក​នៅ​ទីកន្លែង​នោះ សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រយុទ្ធ ប៉ុន្តែ​នៅពេល​ក្រោយមក​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ បាន​កប់​ទៅក្នុង​ដី​ក្រោម​គុ​ម្ភ​ឫស្សី​ក្បែរ​មាត់​ស្ទឹង ហើយ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​ចំណុច​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មានទឹក​ហូរ​ច្រោះ​ដី​ជាហេតុ​ធ្វើឱ្យ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ផុសចេញ​មកពី​គុម្ព​ឬ​ស្សី​ទើប​ប្រជាពលរដ្ឋ​លោក​ប្រទះឃើញ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​។

​លោក​បន្តថា គ្រាប់មីន​ទាំង​៣៦​គ្រាប់​នេះ មាន​មួយចំនួន​ហាក់​នៅមាន​ប្រសិទ្ធភាព​ក្នុងការ​បំផ្ទុះ​បាន បើទោះបី ជា​វា​កប់​ក្នុង​ដី​រយៈពេល​យូរ​ឆ្នាំ​មកហើយ​ក្តី រីឯ​គ្រាប់កាំភ្លើង​ទាំងពីរ​ប្រភេទ​នេះ​មាន​សភាព​ច្រេះ​ចាប់​អស់ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close