គយកម្ពុជាប្រជុំជាមួយគយអាស៊ានតាមរយះប្រពន្ធ័វីដេអូរ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ តាមរយៈប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក REY LEONARDO B. GUERRERO អគ្គនាយកនៃរដ្ឋបាលគយហ្វីលីពីន ដោយមានការចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ នឹងកត់សម្គាល់លើវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមមាន៖ ១) ការអនុវត្តដោយជោគជ័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយ (SPCD)ឆ្នាំ២០១៦-២០២០ ២) វឌ្ឍនភាពការងារក្នុងរយៈពេល៥ខែដំបូងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ ២០២១-២០២៥ ៣)ជំរុញសមាជិករៀបចំបញ្ចប់តារាងពន្ធគយអាស៊ាន AHTN ២០២២ និងអាចដាក់អនុវត្តនៅខែមករា ឆ្នាំ២០២២ ៤) ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) ដែលចូលរួមពីសមាជិកចំនួន០៦ ប្រទេស រួមមាន៖កម្ពុជា, ឡាវ,ម៉ាឡេស៊ី,សិង្ហបុរី, ថៃ និងវៀតណាម ៥)វឌ្ឍនភាពនៃការរៀបចំកម្មវិធីប្រតិបត្តិករទទួលបានការអនុញ្ញាត (AEO) របស់សមាជិក និងរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមកនៃ AEO វគ្គមួយ ដែលចូលរួមពីសមាជិកចំនួន០៧ ប្រទេស រួមមាន៖ ប្រ៊ុយណេ,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី,ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ដោយគ្រោងសម្រេចឱ្យបានក្នុងឆ្នាំ២០២៣។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ នឹងអនុម័តលើការងារចំនួនពីររួមមាន៖ ១)ការកែសម្រួលលក្ខខណ្ឌការងាររបស់អនុក្រុមការងារបច្ចេកទេសចំណាត់ថ្នាក់ទំនិញ និង២)លក្ខខណ្ឌការងាររបស់ក្រុមសិក្សាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce)។
អគ្គនាយកគយអាស៊ានក៏នឹងប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃអង្គការគយ ពិភពលោក, រដ្ឋបាលគយអូស្រ្តាលី, ចិន, ជប៉ុន, និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ និងពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ១)ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ២)ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និង ៣)ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន ព្រមទាំងពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាមួយចំនួន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ចក្នុងតំបន់ ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣១ នឹងត្រូវរៀបចំដោយរដ្ឋបាលគយនៃប្រទេសសឹង្ហបុរី ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។