អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​សកម្មភាព​ដ៏​មមាញឹក នៃ​ការស្តារ​ពើក​នៅ​ក​សិន្ធុ​ខាងលិច​នៃ​ក្រុង​អង្គរធំ

ខេត្តសៀមរាប​៖ ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បង្ហាញ​សកម្មភាព​ដ៏​មមាញឹក​ក្នុង​ការងារ​ស្តារ​ពើក​ស្មៅ​ដ៏​ក្រាស់ៗ ដែល​កកើតឡើង​ដោយសារ​រុក្ខជាតិ​តូចៗ​ក្នុង​ទឹក ដូចជា​៖​កំប្លោក ស្លែរ កក​នៅក្នុង​ទឹក​រយៈពេល​យូរ​នៅក្នុង​ក​សិន្ធុ​ខាងលិច​ក្រុង​អង្គរធំ​។​

​មុនពេល​មាន​សកម្មភាព​ស្តារ​ពើក​ស្មៅ​នេះ ស្ថានភាព​ទឹក​ក​សិន្ធុ​ខាងលិច​នៃ​ក្រុង​អង្គរធំ មើលទៅ​ស្ទើ​តែ​មិនឃើញ​ផ្ទៃ​ទឹក​សោះ ដោយសារ​មាន​ពើក​ស្មៅ​ដ៏​ក្រាស់ៗ​ដុះ​ជុំជិត​នៅ​ទីនោះ តែ​ពេលនេះ​ប្រែ​មកជា​ស្រស់ស្អាត​ឡើងវិញ​បណ្តើៗ​ហើយ ព្រោះតែ​ការយកចិត្តទុកដាក់​ថែទាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ញ៉ែម រស្មី មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃ​អនុវត្ត​ការងារ​ស្តារ​ពី​ក​ជំហាន​ដំបូង កាលពី​ថ្ងៃទី​២៦ ខែមេសា រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រុមការងា​បានធ្វើ​ការងារ​ស្តារ​ពើក​ស្មៅ​បាន​ចំនួន​ជាង​១៥០០០​ម៉ឺន​ម៉ែត្រក្រឡា ពោល​គឺអាច​បញ្ចប់​នា​រយៈពេល​៣​ខែ​ខាងមុខ បើសិនជា​មិនមាន​បញ្ហា​រាំងស្ទះ​ណាមួយ​កើតឡើង​។ ការងារ​នេះ​មិនអាច​ធ្វើ​លឿន​ទៅបាន ដោយសារ​ពើក​មាន​សភា​ព​ក្រាស់ ធ្ងន់ និង មាន​សត្វ​អាសិរពិស និង​សត្វ​ឈ្លើង​នៅក្នុង​ពើក ដែលជា​បញ្ហា​ប្រឈម​ខ្លះៗ សម្រាប់​ក្រុមការងារ​ចុះ​កាប់​ពើក​។​

​លោក​បន្តទៀតថា ក្រោយពេល​ការងារ​ស្តារ​ពើក​ស្មៅ​ដ៏​ក្រាស​នេះ រួចរាល់ រំពឹងថា​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​នៅ​បរិវេន​ក​សិន្ធុ​ខាងលិច​នៃ​ក្រុង​អង្គរធំ នឹង​ប្រែជា​ស្រស់ស្អាត​ឡើងវិញ ហើយក៏​ជាទី​ទាកទាញ់​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ទីនោះ​។​

​សូម​ជម្រាប​ផងដែរ​ថា ការងារ​ស្ដារ​ពើក​ជា​ជំហាន​ដំបូង​នេះ ធ្វើឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​គំនិត​ផ្តួចផ្តើម​និង​ជួយឧបត្ថម្ភ ដោយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍​កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង​សប្បុរសជន​មួយចំនួនទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close