រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើទូតហ្វីលីពីន ជំរុញប្រជាជនខ្លួន​មកទស្សនាកម្ពុជាក្រោយស្ថានភាពកូវីដ១៩ធូរស្រាល

(ភ្នំពេញ)៖ ក្នុង​ជំនួបជាមួយ លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៩ មិថុនា ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ទូតហ្វីលីពីនរូបនេះ ជួយជំរុញភ្ញៀវទេស ចរហ្វីលីពីន មកទស្សនានៅក្នុងប្រទេសកម្ពុជាបន្ថែម ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ខណៈនៅពេលនេះកម្ពុជាកំពុងរៀបចំផែនការទទួលយកភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងហើយ ឫមកពីកន្លែងដែលមានហានិភ័យទាបមកទស្សនា នៅក្នុងកន្លែងដែលមានសុវត្ថិភាពនៅកម្ពុជា។

ឯកឧត្តម​ ថោង ខុន ក៏បានលើកឡើងថា ប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃជំងឺកូវីដ១៩ និងបានលើកឡើង ពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានបិទបញ្ចប់ផងដែរ។

ឯកឧត្តម​ ថោង ខុន បានបន្ថែមថា បច្ចុប្បន្ននេះក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯកសារទស្សនទានស្តីអំពី កញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេស ដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។ ទាំងនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ ឈានឆ្ពោះទៅការត្រៀមខ្លួនរបស់កម្ពុជា ទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ខាងមុខផងដែរ។

ជាការឆ្លើយតបលោកស្រី Maria Amerita C. Aquino បានឯកភាព នឹងជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរ មកទស្សនា ក្រោយស្ថានភាពកូវីដ បានធូរស្រាល ជាមួយនឹងការជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរក្រោយស្ថានភាពកូវីដ បានធូស្រាល។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលមានសណ្តានចិត្តល្អ បានចាក់វ៉ាកសាំងទៅដល់ពលរដ្ឋហ្វីលីពីន ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា និងបានកោតសរសើរពីយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះ ផងដែរ ខណៈដែលលោកស្រីជឿជាក់យ៉ាងមុតមាំថាពន្លឺថ្មីនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា នឹងរះឡើងក្នុងពេលឆាប់ៗខាងមុខ អាស្រ័យដោយសក្តានុពលដ៏សម្បូរណ៍បែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close