រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤៩នាក់បន្ថែមទៀត
ខេត្តសៀមរាប៖ កាលពីវេលាយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៤៩នាក់បន្ថែមទៀត តែក៏មានជាសះស្បើយ ១២នាក់ផងដែរ។
សូមបញ្ជាក់ថា ករណីទី១ ដល់ទី៣៧ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោក-ធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ករណីទី៣៨ ដល់ទី៤១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៤២ ដល់ទី៤៩ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ ។
ដោយឡែក សម្រាប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះដែរ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១២នាក់ផងដែរ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គួររំលឹកថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ២៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០៣នាក់ ស្លាប់ ២នាក់ , និងកំពុងសម្រាកព្យាបាល ១៩៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។