ឯកឧត្តម ថោង ខុន ស្នើ​ហ្វីលីពីន ជំរុញ​កំណើន​ទេសចរ​មក​ទស្សនា​នៅ​កម្ពុជា​បន្ថែម ក្រោយ​ស្ថានភាព​កូ​វីដ​១៩ ធូរស្រាល​!

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើ​ដល់​លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ជួយ​ជំរុញ​ភ្ញៀវ​ទេស ចរ​ហ្វីលីពីន មក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល ខណៈ​នៅពេលនេះ​កម្ពុជា​កំពុង​រៀបចំ​ផែនការ​ទទួលយក​ភ្ញៀវទេសចរ ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ ឫ​មកពី​កន្លែង​ដែលមាន​ហានិភ័យ​ទាប​មក​ទស្សនា នៅក្នុង​កន្លែង​ដែលមាន​សុវត្ថិភាព​នៅ​កម្ពុជា​។​

​ឯកឧត្តម ថោង ខុន បានស្នើ​ដូចនេះ កាលពី​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ក្នុងឱកាស​ដែល​លោក​បានអនុញ្ញាត​ទទួល​ជួប​លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម ថោង ខុន ក៏បាន​លើកឡើងថា ប្រាប់​លោកស្រី​ឯកអគ្គរដ្ឋទូត ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វីដ​១៩ និង​បានលើកឡើង ពី​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ត្រៀម​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ បាន​បិទ​បញ្ចប់​ផងដែរ​។​

​ជាមួយគ្នា​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា កាលពីដើមឆ្នាំ​២០២១​នេះ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន តាមរយៈ​ប្រព័ន្ធ Video conference និង​បានសម្រេច​នូវ​វិធានការ​និង​គោលដៅ​នានា ដើម្បី​បើក​នូវ​ទេសចរណ៍ នៅក្នុង​តំបន់​អាស៊ាន​ឡើងវិញ ដោយ​ផ្តោតលើ​ទេសចរ បាន​ចាក់​វ៉ាក់សាំង​រួចហើយ និង​បាន ដាក់ចេញ​ផែនការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងនោះ​មាន ការរៀបចំ​ឱ្យមាន​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយ​រៀបចំ​ឱ្យមាន​ជា វិធាន​សុវត្ថិភាព អនាម័យ ដែល​អនុវត្តន៍​នៅក្នុង​វិស័យ​ឧស្សាហ៍កម្ម​ទេសចរណ៍​អាស៊ាន​ផងដែរ​។

​ឯកឧត្តម ថោង ខុន បាន​បន្ថែមថា បច្ចុប្បន្ននេះ​ក្រសួងទេសចរណ៍ កំពុង​សិក្សា​និង​រៀបចំ​ឯកសារ​ទស្សនទាន​ស្តីអំពី កញ្ចប់​ទេសចរ​ចាក់​វ៉ាក់សាំង ក្នុង​គោលដៅ​ពិនិត្យ​លទ្ធភាព សម្រាប់​ប្រទេស ដែលមាន​ហានិភ័យ​ទាប បានមក​ទស្សនា​នៅ​តំបន់​ក្នុងប្រទេស​កម្ពុជា ក្នុង​តំបន់​ដែលមាន​សុវត្ថិភាព ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ប្រទេស​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩​នេះ​។ ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការត្រៀម​លក្ខណៈ ឈាន​ឆ្ពោះទៅ​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ទទួល​ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២​ខាងមុខ​ផងដែរ​។​

​ជាការ​ឆ្លើយតប​លោកស្រី Maria Amerita C. Aquino បាន​ឯកភាព នឹង​ជួយ​ជំរុញ​បន្ថែម​ឱ្យបាន​កំណើន​ទេសចរ មក​ទស្សនា ក្រោយ​ស្ថានភាព​កូ​វីដ បាន​ធូរស្រាល ជាមួយនឹង​ការជំរុញ​​ឱ្យមាន​ការចូលរួម​បណ្តុះបណ្តាល​លើ​វិស័យ​ទេសចរណ៍​ផងដែរ​ក្រោយ​ស្ថានភាព​កូ​វីដ បាន​ធូ​ស្រាល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close