សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណសម័យអង្គរ ២៧រូប មកឲ្យកម្ពុជាវិញ
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានជួញដូរចំនួន ២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក។
ក្នុងចំណោមវត្ថុបុរាណទាំងចំនួន២៧ ដែលត្រូវបានរកឃើញមកវិញ ដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ល។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះជាមួយការិយាល័យរដ្ឋអាជ្ញា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពេលថ្លែងទៅកាន់ពិធីចុះហត្ថលេខា តាមរយៈប្រព័ន្ធវីដេអូ ពីភ្នំពេញ បានសម្តែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូតនៃកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនេះត្រឡប់មកមាតុភូមិកម្ពុជាវិញ។
ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញឲ្យឃើញជាថ្មី នូវលទ្ធផលផ្លែផ្កានៃអនុស្សារណៈនៃការយោគយល់គ្នា ចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌ រវាងប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ ឱ្យពិនិត្យដោយយកចិត្តទុកដាក់ នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងសូមទទួលដឹងថា សម្បត្តិវប្បធម៌ខ្មែរភាគច្រើនដែល នៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។