អាជ្ញាធរ បិទចំណតរថយន្ត​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោយ​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​១៩

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានសម្រេច ផ្អាក​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន ចំណតរថយន្ត​អូរ​ស្មាច់ ស្ថិតក្នុង​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​ពាក់ព័ន្ធ​ស្ត្រី​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។​

​ការផ្អាក​ជា​បណ្តោះអាសន្ន​អាជីវកម្ម «​ចំណតរថយន្ត​អូរ​ស្មាច់​» គឺមាន​ការពាក់ព័ន្ធ​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ឈ្មោះ ឈុំ ជៀន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ ចាប់ពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ នេះ​តទៅ​។​

​ក្នុងអំឡុងពេល នៃ​ការបិទ​បណ្តោះអាសន្ន នៃ​អាជីវកម្ម ម្ចាស់​ទីតាំង​ត្រូវគោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​វិធានការ​រដ្ឋបាល និង​វិធានការ​នានា​របស់​រដ្ឋ​បាល​ខេត្ត​ជា​ធរមាន​។​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ គិត​ត្រឹម​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន​១០១​ករណី ក្នុងករណី​នាំចូល​ពី​បរទេស ចំនួន​៩៦​ករណី ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ចំនួន​៥​ករណី បាន​ព្យាបាល​ជាសះស្បើយ ចំនួន​៣០​នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន​៧១​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close