ខេត្តកំពង់ឆ្នាំង បង្កបង្កើនផល​ស្រូវ​រដូវវស្សា​សម្រេចបាន​ជិត ៨០​ភាគរយ លើ​ផែន​ការសរុប​ជាង ១២២ ០០០​ហិកតា​

​ខេត្តកំពង់ឆ្នាំង​៖ បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ការងារ​បង្ករ​បង្កើន​ផល​រដូវវស្សា​ផ្ទៃដី​ភ្ជួរ​រាស់​សម្រាប់​ដាំ​ដុះ ចំនួន ៩៥ ៣៩៩ ហិ​ហិកតា​(​ដោយ​គ្រឿងយន្ត​) សាប ចំនួន ១៤៩ ហិកតា ផ្ទៃដី​ដាំ​ដុះ​(​ព្រោះ​) ចំនួន ៩៥ ៣៩៩ ហិកតា ស្មើនឹង ៧៨,១៩% លើ​ផែនការ ១២២ ០០០ ហិកតា ក្នុងនោះ ស្រូវស្រាល ១៥ ៦១០ ហិកតា​, ស្រូវកណ្តាល ៣៩ ៤០៤ ហិកតា និង ស្រូវធ្ងន់ ៤០ ៣៨៥ ហិកតា ហើយ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​គឺមាន​លក្ខណៈ​ល្អប្រសើរ និង​មាន​លឿន​ដោយសារតែ​ឆ្នាំនេះ​អាកាសធាតុ​អំណោយផល​ភ្លៀង​ធ្លាក់​ដើមដៃ​រាយប៉ាយ​នៅ​ទូទាំង​ខេត្ត​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថា កសិករ​ក្នុង​ខេត្ត​បាន​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​សម្រេចបាន ចំនួន ៧៨,១៩ ភាគរយ លើ​ផែន​ការសរុប​ជាង ១២២ ០០០​ហិកតា ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​។

​លោក​បាន​បន្តថា ស្រូវ​រដូវវស្សា​ដែល​កសិករ​កំពុង​បង្កបង្កើនផល​នេះ​មានដូចជា ស្រូវ​រំដួល ស្រូវ​សែន​ក្រអូប និង​ស្រូវ​មិន​ប្រកាន់​រដូវ ខណៈដែល​ស្រូវ​ទាំងអស់នេះ​ងាយ ស្រួល​ដាំ​ដុះ ហើយ​ឆាប់​ទទួលបាន​ផល ជាពិសេស​មាន​ទីផ្សារ​ថែម​ទៀតផង​។​

​លោក​បន្តថា មន្ត្រី​កសិកម្ម​ខេត្ត​តែងតែ​បណ្តុះបណ្តាល និង​ផ្តល់​បច្ចេកទេស​ដល់​ប្រជាកសិករ ឱ្យ​បង្កើន​ការដាំដុះ​ឱ្យបាន​ច្រើន និង​ប្រាប់​ពី​របៀប​ជ្រើសរើស​ពូជស្រូវ​ណា ដែល​ឆាប់​ទទួលបាន​ផល​ច្រើន និង​ងាយ​យកទៅលក់​នៅលើ​ទីផ្សារ​។

​មន្ត្រី​មន្ទីរ​កសិកម្ម បាន​ចុះ​ត្រួតពិនិត្យ​តាម ដាន​ការងារ​បង្កបង្កើនផល​របស់គាត់​តាម​បណ្ដា​ស្រុក​នានា​ទី​១​ពាក់ព័ន្ធ​នឹង​ការងារ​សត្វល្អិត​បំផ្លាញ​ទី ២ ពាក់ព័ន្ធ​នឹង​កន្លែង​ដែល​ខ្វះខាត​ទឹក​ទី ៣ ពាក់ព័ន្ធ​នឹង​ការងារ​បច្ចេក ទេស​ឱ្យ​គាត់​មើល​ទឹក​ក្នុង​ស្រែ​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក​ប្រធាន​មន្ទីរ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ទាំង អស់ ឱ្យ​ពង្រីក​របរ​កសិកម្ម​បន្ថែមទៀត ដើម្បី​អាច​រក​ចំណូល​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជៀសវាង​ការធ្វើ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​គេ ដោយ​ទុក​ដី​ទំនេរ​ចោល ជាពិសេស​ប្រជាកសិករ​ត្រូវតែ​ចេះ​ស្វែង យល់​ពី​បច្ចេកទេស​មួយចំនួន​ក្នុង​ការដាំដុះ និង​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ដំណាំ​របស់ខ្លួន ដើម្បី​ទទួលបាន​ទិន្នផល​ល្អ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close