បុរស​ចំណាស់ម្នាក់នៅខេត្តសៀមរាប​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ ក្រោយឆ្លងពីកូនជាបុគ្គលិកធនាគារនៅស្រុកសូទ្រនិគម

យោង​តាម​របាយការណ៍​របស់អាជ្ញាធរ​ក្រុង​សៀមរាប​បាន​ឲ្យដឹងថា នៅព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២១នេះ បុរស​ចំណាស់ម្នាក់​ដែលមានអាយុ ៥៦ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ សង្កាត់ស្រង៉ែ ក្រុង​សៀមរាប បានស្លាប់ ហើយ​ក្រុមគ្រូពេទ្យ​បានពិនិត្យឃើញថា គាត់មានជំងឺប្រចាំកាយ និង​មានវិជ្ជមានជំងឺកូវីដ១៩ ដែលបានឆ្លងពីកូនប្រុស និង​កូនប្រសា។

របាយការណ៍​បាន​បញ្ជាក់ថា កូនប្រុស​របស់គាត់មានឈ្មោះ ឃាន សុឃួច អាយុ៣០ឆ្នាំ ជាបុគ្គលិកធនាគារ​អេស៊ីលីដា សាខាស្រុកសូទ្រនិគម ត្រូវ​គេរកឃើញ​វិជ្ជមានកូវីដ១៩ ហើយ​កូនប្រសារបស់គាត់ឈ្មោះ លឿម សុផាន់ណា អាយុ ៣២ឆ្នាំ មាន​វិជ្ជមានកូវីដ១៩ដូចគ្នា។

បច្ចុប្បន្នផ្ទះរបស់គាត់​ត្រូវ​សមត្ថកិច្ចចុះហ៊ុមព័ទ្ធ រីឯសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅធ្វើបុណ្យនៅវត្តល្អក់ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close