ភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវកំណត់ជាតំបន់ក្រហម, អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋតាមដានសុខភាព
រដ្ឋបាលខេត្តសៀមរាបនៅរសៀលថ្ងៃនេះ បានសម្រេចកំណត់ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជាតំបន់ក្រហម ក្រោយពីបានរកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពបុរសចំណាស់ម្នាក់ឈ្មោះ ឃន់ ឃាន រស់នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបររថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសូមជម្រាបជូនអំពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់ទំនងរួមមាន៖
– ថ្ងៃទី៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្តចំនួន០៦នាក់ នៅហាងពិភពធម្មជាតិ និងបានជួបជាមួយបុគ្គលិកហាង ៦នាក់ ដែលលើកម្ហូបនិងបាយទឹក។
– ថ្ងៃទី០២-មិថុនា-២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់(វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ឈ្មោះ ឃាន សុឃួច បានជួយលើកកេសឯកសារ ចូលទៅក្នុងធនាគារមួយភ្លេត ហើយចេញមកអង្គុយចាំអ្នកទាំងពីរនាក់ ក្នុងរថយន្តវិញ។
– ថ្ងៃទី០៣-មិថុនា-២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារ។
– ថ្ងៃទី០៥-មិថុនា-២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រយៈពេល១០នាទី រួចបានចេញទៅតារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន០៧នាក់ផ្សេងទៀតបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ។
– ថ្ងៃទី០៧-មិថុនា-២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឲ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន។
– ថ្ងៃទី០៩-មិថុនា-២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុង)ហើយត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកបានជិះម៉ូតូមកយកសំណាកជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ-១៩ និងទទួលបានលទ្ធផលវិជ្ជមានទាំង០២នាក់។
ក្នុងនោះដែររដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលអ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។