កម្ពុជា​ចាប់​ផ្តើម​ដំណើរការរោងចក្រ​​ចម្រាញ់​រ៉ែមាសជាលក្ខណៈ​ឧស្សាហកម្ម​នៅ​ស្រុកកែវសីម៉ា ដោយរំពឹងថា នឹង​ទទួលបានមាសសុទ្ធ ៣តោនក្នុងមួយឆ្នាំ

ក្រោយ​ពីបានសិក្សា​ស្រាវជ្រាវ​រុករកអស់រយៈ​ពេល​ប្រមាណ ១៤ឆ្នាំ ដោយ​ក្រុមហ៊ុន រ៉ីនេសង់ មីនើរ៉ល របស់អូស្រ្តាលី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២១ខាងមុខ​នេះ កម្ពុជា​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែមាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លើក​ដំបូង​នៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី ។

បើតាម​របាយការណ៍ ក្រុមហ៊ុន​អាច​ផលិតមាសសុទ្ធ​បាន​ប្រមាណ ៣តោន​ក្នុង​មួយ​ឆ្នាំ​ សម្រាប់រយៈពេល​ ៨ឆ្នាំ ដំបូង ហើយគេ​រំពឹងថា នឹង​អាច​ពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត​ក្រោយ​រយៈ​ពេលដំបូងនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា រំពឹងថា ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពីជម្រក​រ៉ែ​តំបន់​អូខ្វាវ ស្រុកកែវ​សីមា ខេត្តមណ្ឌលគិរី នឹងផ្តល់​ប្រយោជន៍​ជា​ចំណូល​ដុល​ជាមធ្យម​ប្រមាណ ១៨៥លានដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពីសួយសារ និង​សារពើពន្ធផ្សេងៗជាមធ្យម​ប្រមាណ ៤០លានដុល្លារ​ក្នុងមួយឆ្នាំ។ ហើយ​ថវិកាទាំងនេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ចរន្ត​ថវិកាជាតិ​ដើម្បី​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close