ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៤៥​នាក់ និង​ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៤៥​នាក់ និង​ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​០៣​នាក់ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។​

​ករណី​ទី​១ ដល់ទី​៣០ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ នៅក្នុង​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ដែលមាន​ប្រភព​ចេញ​មកពី​ភោជនីយដ្ឋាន​ពិភព​ធម្មជាតិ​។ ចំពោះ​ករណី​ទី​៣១ ដល់ទី​៤០ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ដោយឡែក ករណី​ទី​៤១ ដល់ទី​៤៥ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ​។​

​អ្នកជា​សះស្បើយ​ទាំង​០៣​នាក់ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៤៤​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​១០៦​នាក់ ស្លាប់​២​នាក់ និង​២៣៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close