កូ​វីដ​១៩​នៅ​ឥណ្ឌា​៖ អ្នក​ឆ្លង​ថយចុះ អ្នកស្លាប់​កើនឡើង​ខ្ពស់​

​ឥណ្ឌា​បាន​ឆ្លង​ផុត​ដំណាក់កាល​នៃ​ការឆ្លង​ច្រើន​បំផុត​គឺមាន​ជិត ៤​សែន​នាក់​ក្នុង​មួយថ្ងៃ ហើយ​មក​មកទល់ពេលនេះ​មាន​អ្នក​ឆ្លង​ស្ថិតនៅក្រោម​១​សែន​នាក់​តែប៉ុណ្ណោះ​។ ទាំងនោះ​ជា​ដំណឹង​យ៉ាង​ល្អ​សម្រាប់​ឥណ្ឌា ផ្ទុយទៅវិញ អ្នកស្លាប់​ដោយ​កូ​វីដ​១៩ ក្នុងប្រទេស​ឥណ្ឌា​បែ​ជា​កើតឡើង​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក គឺមាន​រហូតដល់​ទៅ​ជាង​៦​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។​

​នៅ​ថ្ងៃទី ១០​ខែមិថុនា​នេះ ឥណ្ឌា​បាន​រាយការណ៍​ពី​អ្នកស្លាប់​ចំនួន ៦,១៤៨​នាក់ ដោយសារ​ជំងឺ COVID-19 ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងទៅ​។ វា​គឺជា​អត្រា​អ្នកស្លាប់​ដ៏​ច្រើន​ខ្លាំង​បំផុត​នៅលើ​ពិភពលោក ក្នុង​រយៈពេល​មួយថ្ងៃ ដោយសារ​ជំងឺ COVID-19 ហើយ​វា​ក៏​ជាការ​ស្ទុះ​លោត​ឡើងវិញ នៃ​អត្រា​អ្នកស្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌា​ផងដែរ បន្ទាប់ពី​មួយរយៈ​ចុងក្រោយ​នេះ ឥណ្ឌា​បាន​រក្សា​វា​ឲ្យ​នៅត្រឹម​ខ្ទង់​២,០០០-៣,០០០​នាក់​។ កន្លងមក ឥណ្ឌា​ធ្លាប់បាន​មើលឃើញ​ករណី​ស្លាប់​ច្រើន​បំផុត ក្នុង​រយៈពេល​មួយថ្ងៃ ជាង​៤,០០០​នាក់​។​

​យ៉ាងណាមិញ តាមពិតទៅ ការរាយការណ៍​ពី​តួលេខ​អ្នកស្លាប់​ក្នុង​មួយថ្ងៃ​ដ៏​ច្រើន​ខ្លាំង​បែបនេះ គឺ​ព្រោះតែ​រដ្ឋ Bihar នៃ​ប្រទេស​ឥណ្ឌា បាន​កែសម្រួល​តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅក្នុង​រដ្ឋ​ខ្លួន​ពី​ប្រមាណ​៥,៤០០​នាក់ ទៅ​ជាង​៩,៤០០​នាក់ ដើម្បី​រាប់បញ្ចូល​អ្នក​ដែល​ស្លាប់ នៅតាម​ផ្ទះ និង​នៅតាម​មន្ទីរពេទ្យ​ឯកជន​។​

​គួរ​បញ្ជាក់ថា សម្រាប់​អត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​វិញ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឥណ្ឌា​បានប្រកាស​រកឃើញ​៩៤,០៥២​នាក់ ក្នុង​រយៈពេល​២៤​កន្លងទៅ​ដូចគ្នា ពោល​វា​បន្ត​នៅក្រោម​១០០,០០០​នាក់​ដដែល​។ បូក​បន្ថែម​ករណី​ឆ្លង​និង​ស្លាប់​ថ្មីៗ​ទាំងនេះ ករណី​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស​ឥណ្ឌា សរុប​កើន​ដល់​២៩.២​លាន​នាក់ និង​ស្លាប់​ជិត​៣៦,០០០​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close