កម្ពុជានៅតែរក្សាជំហរនៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣
ខណៈដែលប្រទេសវៀតណាមកំពុងតែជួបផលប៉ះពាល់ដោយសារ ការរាតត្បាតនៃជំងឺកូវីដ១៩ ហើយចង់ធ្វើការពន្យារពេល នៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២១នេះ សម្រាប់ប្រទេសកម្ពុជា នៅតែរក្សាជំហររឹងមាំ ក្នុងការដំណើរការស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា បើទើបីជាវៀតណាម បានជូនដំណឹងពីការពន្យារពេលស៊ីហ្គេមឆ្នាំ២០២១ ក៏ដូចជាភាពមិនច្បាស់លាស់ នៃដំណើរការស៊ីហ្គេមលើកទី៣១ ដែលគ្រោងធ្វើពីខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាមក្តី តែសម្រាប់កម្ពុជា គឺមិនបោះបង់គម្រោងផែនការ ដែលកំពុងខិតខំយ៉ាងខ្លាំងក្លា ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣នោះឡើយ។
លោកលើកឡើងថា អ្វីៗដែលយើងគ្រោងនឹងត្រូវដើរទៅជាបន្តបន្ទាប់ នៃដំណើរការស៊ីហ្គេម វាអាចប៉ះពាល់ខ្លះនៃការលើកពេលស៊ីហ្គេមនៅវៀតណាម តែលោកជឿជាក់ថា វាមិនប៉ះពាល់អ្វីច្រើនទេដល់ដំណើរការស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ដូច្នេះហើយកម្ពុជានៅតែរក្សាជំហររឹងមាំនៃដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។