ប្រាសាទទន្លេស្ងួត ងើបឈរ​ឡើងវិញ បន្ទាប់ពី​ប្រើពេល​ជួសជុល​២​ឆ្នាំ

​ខេត្តសៀមរាប​៖ ប្រាសាទទន្លេស្ងួត ដែលជា​អតីត​មន្ទីរពេទ្យ​បុរាណ​មួយ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ងើបឈរ​ឡើងវិញ ក្រោយ​ទទួលបាន​ការជួសជុល និង​លើក​តម្លៃ​ពី​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​ខិតខំ​លើកស្ទួយ និង​អភិរក្ស​សំណង់​ប្រាសាទបុរាណ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​លោក ជា សារិទ្ធ បុរាណ​វិទូ និង​ជា​ប្រធាន​គម្រោង​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត​មានប្រសាសន៍ថា ក្រុមការងារ​របស់លោក​ប្រើពេល​២​ឆ្នាំ ដើម្បី​ជួសជុល​ប្រាសាទទន្លេស្ងួត​ឱ្យមាន​រូបរាង​ពេញលេញ​ឡើងវិញ​។ គម្រោង​ជួសជុល​នេះ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ លោក​រំលឹកថា ប្រាសាទ​នេះ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​នៅ​ផ្នែក​គ្រឹះ ហើយ​អ្នកជំនាញ​សម្រេច​រុះរើ​ប្រាសាទ​នេះ​ទាំងស្រុង​ដើម្បី​រៀបចំ​ផ្នែក​គ្រឹះ​ឱ្យ​រឹងមាំ​ឡើងវិញ​។​

​តាម​ការបញ្ជាក់​របស់​លោក ជា សារិទ្ធ ដំណើរការ​ជួសជុល​ប្រាសាទ​ទន្លេ​ស្ងួន​នេះ ក្រុមការងារ​បាន​ប្រើប្រាស់​ថ្ម​ថ្មី​ត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ គឺ​ប្រើ​ថ្ម​ថ្មី​ចំនួន ១៦០​ដុំ និង​ថ្ម​ចាស់​ចំនួន ២,៤៤៥ ដុំ​។ ប្រាសាទ​នេះ​មាន​កម្ពស់​១២​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ និង​ទទឹង ១០​ម៉ែត្រ​។ បច្ចុប្បន្ន ក្រុមការងារ​កំពុង​ត្រួស​ត្រាយព្រៃ​ជុំវិញ ដើម្បី​បើក​បង្ហាញ​បរិវេណ​ប្រាសាទ​ឱ្យ​ស្រឡះ និង​លើក​សោភ័ណភាព​ឱ្យ​ល្អប្រសើរ​ឡើងវិញ ងាយស្រួល​ភ្ញៀវទេសចរ​ចូល​ទស្សនា​។

លោក ជា សារិទ្ធ បញ្ជាក់ថា ជា​ផែនការ​បន្ទាប់ ក្រុមការងារ​របស់លោក នឹង​រៀបចំ​ថ្ម​រាយប៉ាយ​ផ្នែក​ខាងមុខ ដើម្បី​រៀបចំ​គម្រោង​ជួសជុល​ខ្លោងទ្វារ​ចូល​ប្រាសាទ​នេះ​នា​ដំណាក់កាល​បន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close