ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ថ្មី ៣៦​នាក់

ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៦​នាក់ និង​ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ដូច​មាន​ក្នុង​តារាង​រាយ​នាម​។​

​ករណី​ទី​១ ដល់ទី​១៩ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ដែលមាន​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​នឹង​ប្រភពដើម​មកពី​ស្រុក​ជីក្រែង​។ ចំពោះ​ករណី​ទី​២០ ជា​ម្ដាយ​បានធ្វើ​ដំណើរ​មកពី​ខេត្ត​ប៉ៃលិន និង​បន្ត​ចម្លង​ទៅ​កូន ករណី​ទី​២១, ករណី​ទី​២២ ជា​មន្ត្រី​ពន្ធនាគារ ដែល​បានធ្វើ​ដំណើរ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ករណី​ទី​២៣-២៤ ជា​ករណី​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយមាន​អា​ការៈសង្ស័យ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​វិជ្ជមាន​។

​ដោយឡែក ករណី​ទី​២៥ ដល់ទី​៣៦ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ​។ សម្រាប់ អ្នកជា​សះស្បើយ​ទាំង ៣​នាក់ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤៥៩​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​១១៣​នាក់ ស្លាប់​៣​នាក់ និង​៣៤៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close