ថ្ងៃស្អែក រដ្ឋសភានឹងប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ពិភាក្សាលើបេក្ខភាពប្រធាន គ.ជ.ប ថ្មី ដែលបានដាក់ពាក្យចំនួន ២រូប
បើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា នៅថ្ងៃទី១៥ មិថុនា ស្អែកនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យលក្ខខណ្ឌជ្រើសរើស បេក្ខភាពប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យរួចហើយ គឺរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជនមួយរូប ក្នុងចំណោមពីររូប ដែលបានដាក់ពាក្យឈរឈ្មោះ ជាបេក្ខភាព ប្រធានគណៈម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប)នេះ។
សូមបញ្ជាក់ថា ប្រធានគណៈម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភាជាតិ រាល់កិច្ចការទាំងអស់ រួមទាំងការផ្តល់សេចក្តីទុកចិត្ត ចំពោះសមាជិកសមាជិកា នៃប្រធានគណៈម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវតែមានការអនុម័តយល់ព្រមតាមរយៈការបោះឆ្នោតនៅក្នុងសម័យប្រជុំបរដ្ឋសភាពេញអង្គ បើទោះបីជាបេក្ខជនទាំងនោះ ត្រូវបានគណបក្សនយោបាយ មានអាសនៈនៅក្នុងរដ្ឋសភា បានជ្រើសរើសតាំងធ្វើជាសមាជិក សមាជិកា ឬប្រធាន (គ.ជ.ប) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តត្រូវមានសម្លេងគាំទ្រ ៥០%+១ នៃសមាជិករដ្ឋសភាទាំង១២៥រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។