សិប្បកម្មមួយនៅខេត្តកំពង់ធំ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី៩តោនជារៀងរាល់ខែទៅកាន់ប្រទេសជប៉ុន
លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា បច្ចុប្បន្នសិប្បកម្មនេះមានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១០តោនក្នុង១ខែ ហើយក្រោយពីការចុះ MOU និងដោយមានកិច្ចសហការល្អ គ្រាប់ស្វាយចន្ទីរបស់សិប្បកម្មមួយនេះបានបង្ហាញខ្លួននៅប្រទេសជប៉ុនចំនួន៧តោនកាលពីថ្ងៃទី៧ ខែឧសភា ហើយនៅពេលនេះ មានគ្រាប់ស្វាយចន្ទីប្រមាណ ៩តោនទៀត កំពុងរៀបចំដឹកទៅកាន់ទីក្រុង OSAKA ផងដែរ។
លោកស្រីបានបញ្ជាក់ថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ គ្រោងនាំចេញក្នុងបរិមាណ ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។
ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក៏បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុកដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកផងដែរ។
សូមបញ្ជាក់ថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរជារោងចក្រកែច្នៃក្នុងស្រុកមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអារក្យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមានសមាជិកសហគមន៍ចំនួន ៣៣គ្រួសារដែលកំពុងដាំដុះលើផ្ទៃដី ៣៤៤ហិកតា និងបុគ្គលិក ១១៥ នាក់ជាស្ត្រីមេផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។