គ្រូទាយ និង​គ្រូមន្តអាគម​ដោះ​អំពើ ៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ឆបោក​ជាង ៦០​លាន​រៀល​

​ខេត្តពោធិ៍សាត់​៖ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ បាន​ឃាត់ខ្លួន​គ្រូទាយ​សន្លឹក​បៀរ និង​គ្រូមន្តអាគម​ដោះ​អំពើ​ចំនួន ៣​នាក់ ពីបទ​ឆបោក​ស្ត្រី ២​នាក់ អស់ប្រាក់​សរុប ៦៧,៦២៣,៨០០​រៀល នៅ​ចំណុច​ភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក តាន់ គា​រិ​ទ្ធ អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ២​នាក់ ទី​១.​ឈ្មោះ ឈន ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រូចឆ្មារ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ទី​២.​ឈ្មោះ ណា​ម ស្រីមុំ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ែន ឃុំ​លាច​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន ៣​នាក់ ទី​១-​ឈ្មោះ សោម សារ៉ុន ភេទ​ស្រី អាយុ​៧២​ឆ្នាំ (​ត្រូវជា​ម្ដាយ​) ជា​អ្នក​ទាយ​សន្លឹក​បៀរ​, ទី​២-​ឈ្មោះ វង់ បឿ ហៅ បឿ​ក ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​ត្រូវជា​កូនប្រសារ​) ជា​គ្រូមន្តអាគម​ដោះ​អំពើ​មើល​ជម្ងឺ និង​ទី​៣- ឈ្មោះ វ៉េ​ត សា​រ៉ុ​ម ភេទ​ស្រី (​ត្រូវជា​កូនស្រី​បង្កើត​) ជា​អ្នក​ទា​លុយ​ពី​ជនរងគ្រោះ​យកមក​ធ្វើ​វិធី​ទំ​នឹ​ប​គ្រូ ដែល​អ្នក​ទាំងបី​មក​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ឆបោក និង​កំហែង​យកប្រាក់​ពី​ជនរងគ្រោះ​ឈ្មោះ ឈន ស្រី​ពេជ្រ អស់ប្រាក់​ចំនួន ៤២ ០៦៨ ៨០០​រៀល ថ្លៃ​ធ្វើ​ពិធី​ឆាប​ហៅ​ប្ដី​ជនរងគ្រោះ ដែល​រត់តាម​ស្រី​ឲ្យ​ត្រឡប់មកវិញ​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ណា​ម ស្រីមុំ ត្រូវបាន​ក្រុម​ជនសង្ស័យ​ខាងលើ ឆបោក និង​កំហែង​យកប្រាក់​អស់​ចំនួន ២៥ ៥៥៥ ០០០​រៀល ថ្លៃ​ធ្វើ​ពិធី​ឆាប​ហៅ​សង្សា​ជនរងគ្រោះ ដែល​បាន​បែកចិត្ត​ឲ្យ​ត្រឡប់មកវិញ​។

​ករណី​ឆបោក និង​កំហែង​យកប្រាក់​ពី​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ ក្រុម​ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ​ធ្វើការ​វេ​ប្រាក់​ឲ្យ​ពួកខ្លួន​តាម​វី​ង​វេ​លុយ ជា​ដំណាក់​ការ​តាម​ការកំណត់ បើ​មិន​ធ្វើការ​វេរ​លុយ​ឲ្យ​តាម​ការកំណត់​ទេ គំរាមថា​និង​ធ្វើអំពើ​ឲ្យ​សមាជិក ក្នុង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ស្លាប់​។ ជនសង្ស័យ ត្រូវបាន​នគរបាល​ស្រុក​ភ្នំក្រវាញ កសាង​សំណុំរឿង និង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close