ក្រុមហ៊ុន​ថ្មី​ចំនួន ៣​ទៀត បោះទុន​ជិត ១៥​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៤ មិថុនា ម្សិលមិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន ៣​បន្ថែមទៀត បាន​បើក​ដំណើរការ ក្នុង​ទុនវិនិយោគ​ជិត ១៥​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជាង ៣ ០០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- J.A.K GARMENT CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៥៣​កន្លែង​។​

២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៤,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៧៤៨​កន្លែង​។​

៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ភួយ ស្រោមពូក និង​ស្រោមខ្នើយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៨,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤២៤​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close