អាជ្ញាធរ​ខេត្តកោះកុង អះអាងថា ​ផ្ទុះ​កូ​វីដ​ទ្រង់ទ្រាយ​ធំ ផ្តើមចេញពី​បុរស​២​នាក់ ជា​បុគ្គលិក​នៅ​កំពង់ផែ​ស្ងួត​នាង​កុក ខណៈ​មាន​ឆ្លង ១៦១​នាក់​

​ខេត្តកោះកុង​៖ យោងតាម​លទ្ធផល​នៃ​ការវិភាគ​វត្ថុ​សំណាក ដោយ​ធ្វើ​តេសរ​ហ័ស (Rapit Test ) រក​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ជា​លទ្ធផល​ឃើញថា មនុស្ស​ប្រមាណ​ជាង​១៦០​នាក់ ដែល​ត្រូវបាន​រកឃើញថា​ឆ្លង​កូ​វីដ​ថ្មី​នៅ​ផែស្ងួត​នាង​កុក និង​រោងចក្រ​យ៉ា​សា​គិ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ។​

​អាជ្ញាធរខេត្ត ក្រុមមន្ត្រី​សុខាភិបាល​ខេត្តកោះកុង​អះអាងថា លទ្ធផល​ដែលនាំអោយ​ខេត្តកោះកុង ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ​បែបនេះ គឺ​ផ្តើមចេញពី​បុរស​២​នាក់​ដែល​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​កំពង់​ផែស្ងួត​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ក្រោយ​ធ្វើតេស្ត​រហ័ស​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ម្សិលមិញ ។​

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ការឆ្លង​យ៉ាង​រហ័ស​ក្នុងភូមិ​សាស្ត្រ​ស្រុក​មណ្ឌលសីមា​យ៉ាង​ដូច្នេះ ផ្តើមចេញពី បុរស​ឈ្មោះ ង៉ែត តន ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កំពង់​ផែស្ងួត​នាង​កុក​ជាប់​ពាក់ព័ន្ធ​នឹង​តៃកុង​រថយន្ត​ដឹកជញ្ជូន​ឥ​វ៉ាន់​មកពី​ប្រទេស​ថៃ និង​អ្នក​រថយន្ត​តាក់ស៊ី​ដែល​ចរាចរណ៍​ឯកសារ​មកពី​រាជធានី​ភ្នំពេញ និង​បុរស​ឈ្មោះ ម៉ិ​ល ម៉ុ​ត ទៅ​អាហារ​ដ្ឋា​ន ចែ ឆ​យ ហួស​វិទ្យាល័យ​ចាំ​យាម​។​

​ហើយ​ថា​រាល់​ទីតាំង​ដែល​បុរស​ទាំងពីរ​២​នាក់​ធ្វើដំណើរ​ទៅ​ជាប់​ពាក់ព័ន្ធ​ប្រមាណ​ជា​១០​ទីតាំង រួមមាន​៖ ផែស្ងួត​នាង​កុក អាហា​រដ្ឋា​ន​ស៊ុប​ពពែ ហាង​ម៉ាស្សា​តោ​ពីរ ផ្ទះ​លក់​កាហ្វេ​មួយ​សង្កាត់​ស្ទឹង​វែង និង​កន្លែង​វេ​លុយ សេង ហ័​រ ផ្សារ​ភូមិ​ថ្មី ជាដើម គឺ​ត្រូវ​បានឱ្យ​ផ្អាក​អាជីវកម្ម និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាមដាន​អាកា​រៈ​យ៉ាង​លម្អិត ដោយ​មិន​អនុញ្ញាតឱ្យ​ចាកចេញ​ទៅណា​មក​ណា​ឡើយ ។​

​ប្រភព​ខាងលើ​បន្តថា អ្នកជំងឺ​កូ​វីដ​-១៩ ដែល​មន្ត្រី​ជំនាញ​បាន​រកឃើញ គឺ​ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​សា​ម៉ុ​យ ទៅកាន់​សាលា​វិទ្យាល័យ ហ៊ុន សែន ចាំ​យាម ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកមាន​សភាព​ធ្ងន់ធ្ងរ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង និង​កំពុង​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ ។​

​បច្ចុប្បន្ន​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​សរុប​ជាង​២០០​នាក់ ហើយ​បើ​គិត​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា មកដល់​ថ្ងៃទី​១៤ ខែមិថុនា នេះ ខណៈ​ជំងឺ​នេះ​នៅ​ស្រុកស្រែ​អំបិល​ពុំទាន់​ធូរស្រាល​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close