ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់ ស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​ខេត្តកំពត​

​កំពត​៖ រដ្ឋបាល​ខេត្តកំពត នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បានឱ្យដឹងថា មាន​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជនជាតិខ្មែរ​ម្នាក់ទៀត បាន​ស្លាប់​មានឈ្មោះ ភាន ចិន្តា អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រះទ្រហឹង ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ស្ត្រី​មាន​ផ្ទៃពោះ ៧​ខែ​រូបនេះ បាន​ចូលទៅ​សម្រាក​ព្យាបាល​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣០​យប់ ក្នុង​សភាព​ហត់​ខ្លាំង​។​

​ដោយ​ស្ថិតក្នុង​ស្ថានភាព​នេះ ក្រុមគ្រូពេទ្យ​បានធ្វើការ​សង្គ្រោះបន្ទាន់​តា​ម​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​ដោយ​ស្ថានភាព​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ មិនអាច​សង្គ្រោះបាន​។ ​អ្នកជំងឺ​បាន​ស្លាប់​នៅវេលា​ម៉ោង ១២:០០​យប់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​។ តាម​ការសន្និដ្ឋាន​រប​ស់​ក្រុមគ្រូពេទ្យ ស្ត្រី​អាយុ ៣៥​ឆ្នាំនេះ បាន​ស្លាប់​ដោយ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ (Acute Respiratory) ក្នុង​រោគវិនិច្ឆ័យ រលាក​សួត​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​សព​ត្រូវបាន​បញ្ជូនទៅ​បូជា​នៅក្នុង​ស្រុក​កំពង់ត្រាច តាម​លក្ខណៈ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល ដោយ​ក្រុមគ្រូពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close