ចុងសប្តាហ៍ទី២នៃខែមិថុនា កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៧ម៉ឺននាក់
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ ពោលគឺគិតចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។
គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៤, ៣៧៨ នាក់
* ខេត្តកំពង់ស្ពឺ ៖ ១០,៥១៥ នាក់
* ខេត្តកំពត៖ ៧,៨៤៩ នាក់
* ខេត្តព្រះសីហនុ៖ ៧,០៧៩ នាក់
* ខេត្តបាត់ដំបង ៖ ៦,៧៩៤ នាក់
* ខេត្តកណ្តាល៖ ៤,២០៨ នាក់
លោករដ្ឋមន្រ្តីបញ្ជាក់ថា ចំនួននេះមានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។ ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»។
ក្នុងនោះដែរតំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។