ថៃ ផ្អាកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយសារខ្វះវ៉ាក់សាំង
ថៃ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសថៃថ្មីៗនេះ បានជួបប្រទះភាពច្របូកច្របល់ក្នុងរាជធានី ក្រោយមន្ទីរពេទ្យយ៉ាងតិច២០នៅទីក្រុងបាងកកបានពន្យាពេលណាត់ចាក់ក្នុងសប្តាហ៍នេះ ដោយសារតែខ្វះវ៉ាក់សាំង។
ការប្រកាសរបស់មន្ទីរពេទ្យ បានធ្វើឡើងនៅលើទំព័រ Facebook របស់ពួកគេ ខណៈដែលកម្មវិធីកក់វ៉ាក់សាំងក្នុងទីក្រុងបាងកក ក៏បានផ្ញើសារផងដែរថា ការណាត់ចាក់ក្រោយថ្ងៃអង្គារនឹងត្រូវពន្យារពេល ទោះក្រុមមន្ត្រីព្យាយាមធានាដល់សាធារណៈជនជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។
រដ្ឋមន្ត្រីសុខាភិបាលថៃលោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា ប្រហែលជាមានការភាន់ច្រលំ ពីព្រោះមន្ទីរពេទ្យឯកជនមិនត្រូវបានត្រួតពិនិត្យ ជាមួយរដ្ឋបាលក្រុងបាងកកទេ ។ យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរបស់ប្រទេសថៃ គឺពឹងផ្អែកទៅលើវ៉ាក់សាំងចំនួន៦១លានដូសពីក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience ។
យ៉ាងណាមិញ ក្រុមហ៊ុន AstraZeneca និង Siam Bioscience មិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានរ៉យទ័រ សុំការអត្ថាធិប្បាយអំពីការពន្យារពេលផលិតកម្មនោះទេ ទោះបីជាក្រុមហ៊ុនផលិតថ្នាំអង់គ្លេស – ស៊ុយអែតមួយនេះនិយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ស្តីពីការចែកចាយវ៉ាក់សាំងក៏ដោយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។