សហគមន៍ជីឱកបឹងប្រីយ៍ បន្តប្រមូលដួងសោម ខណៈកំពុងមានតម្រូវខ្ពស់នៅទីផ្សារ
ដួងសោម រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគមសោមជាអាហារ មុនវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។ ដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។
តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា ជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឱ្យរៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គ ជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ន ប្រជាសហគមន៍ជីឱកបឹងប្រីយ៍ នៅបន្តប្រមូលដួងសោមជាប្រពៃណីរបស់ខ្លួន តែមិនបានទទួលទានខ្លួនឯងទេ ដោយសារមានតម្រូវខ្ពស់នៅទីផ្សារ។ ជាទូទៅ ដួងសោមត្រូវប្រមូលមកទាំងគុលដើមសោម ដែលអាចរក្សាទុកបាន ២-៣ សប្តាហ៍បន្តទៀត មុនយកដួងសោមចេញមកធ្វើជាអាហារ។
ដួងសោម ជាអាហារធម្មជាតិដ៏ឆ្ងាញ់ មានលក់នៅតាមភោជនីយដ្ឋានមួយចំនួននៅខេត្តកំពង់ធំ និងព្រះវិហារ និងនៅទីក្រុងភ្នំពេញ នៅរដូវកាលប្រមូលផលក្នុងខែសីហា-កញ្ញា។ ដួងសោម មានតម្លៃពី ១២០០០-២០០០០ រៀលក្នុងមួយគ្រាប់។ ក្រសួងបរិស្ថានបាន និងកំពុងជំរុញការដាំដើមសោមបន្ថែម នៅក្នុងផ្ទៃដីសហគមន៍គោលដៅ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ ពីដួងសោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។