បែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក ១ ៣៨១កន្លែង នៅលើផ្ទៃទន្លេ ត្រូវបានកម្លាំងសមត្ថកិច្ចចុះរុះរើ ត្រឹមរយៈពេល៣ថ្ងៃ
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក នៅលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្ត្រខណ្ឌចំនួន៥ បានប្រមាណ១ ៣៨១កន្លែង។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញ បន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក អាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន០៥ គឺខណ្ឌជ្រោងចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ តាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេល០៣ថ្ងៃហើយនោះ និងនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ។
បើយោងតាមរបាយការណ៍ថា រយៈពេល០៣ថ្ងៃ នៃការអនុវត្តវិធានការរុះរើគឺថ្ងៃទី១២ ១៣ និង១៤ ខែមិថុនា មានបែចិញ្ចឹមត្រី ៧៦៣បែ ត្រូវបានរុះរើ ចំណែកផ្ទះបណ្តែតទឹក៦២៨ខ្នងក៏ត្រូវបានរុះរើផងដែរ។
សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។