ក្រសួងកសិកម្ម ជំរុញ​ឲ្យ​មានការ​វិនិយោគ​ដាំ​ឈើ ដើម្បី​បង្កើត​ប្រភព​ផ្គត់ផ្គង់​ឈើ​ក្នុងស្រុក ជំនួស​ឈើ​ចេញពី​ព្រៃ​ធម្មជាតិ

​ខេត្តកំពង់ឆ្នាំង​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ពិនិត្យ​វឌ្ឍនភាព​របស់​ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា នក ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។

​តាម​ការបញ្ជាក់​របស់​ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា​នក មាន​ផ្ទៃដី​សរុប ២៨ ៩៦០​ហិកតា ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ជំរុញ​ការងារ​ស្រាវជ្រាវ ពិសោធន៍ និង​ផលិត​ពូជឈើ​អាកាស្យា និង​ប្រេងខ្យល់​ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដាំ​ជា​ចម្ការ​ឈើ​លក្ខណៈ​គ្រួសារ ដាំ​តាម​ទីសាធារណៈ និង​ឈានដល់​ការផលិត​ផ្គត់ផ្គង់​ដល់​វិស័យ​ឯកជន​។

​បច្ចុប្បន្ននេះ រដ្ឋបាល​ព្រៃឈើ​បាន​ដាំ​ដុះ​ដើម​មេ​ពូជ​អាកាស្យា Acacia hybrid បាន​ចំនួន ១០ ០០០​ដើម ប្រេងខ្យល់ ពូជ K7 បាន​ចំនួន ៧ ០០០​ដើម និង​ប្រេងខ្យល់ ពូជ​G9 បាន​ចំនួន ២ ៥០០​ដើម ដែល​ដើម​ពូជ​មេ​ទាំងនោះ​អាច​ផ្តល់​ត្រួយ​សម្រាប់​កាត់​បណ្តុះ ឬ​ផលិត​កូន​បាន​ប្រមាណ​ជា ៧៦០ ០០០​ដើម​/​ឆ្នាំ​។

​ឯកឧត្តម​ប្រតិភូ​បន្ថែមថា សម្រាប់​ថ្ងៃ​អនាគត​ផែនការ​របស់​រដ្ឋបាល​ព្រៃឈើ គឺ​អភិវឌ្ឍ​តំបន់​ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា​នក ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ផលិត​ពូជឈើ​អាកាស្យា និង​ប្រេងខ្យល់ តាមរយៈ​ការប្រើ​បច្ចេកទេស​កាត់​ត្រួយ​បណ្តុះ​ឲ្យ​បាន ៥​លាន​ដើម​/​ឆ្នាំ​។ សាងសង់​បន្ទប់ពិសោធន៍​បង្កាត់​ពូជឈើ​ដោយ​ជាលិកា​វប្បកម្ម សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ថ្នាល​បណ្តុះ​កូនឈើ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​កូនឈើ​ឲ្យ​បាន ១០​លាន​ដើម​/​ឆ្នាំ​។ ទន្ទឹមនឹងនេះ បង្កើន​ការផលិត​ពូជឈើ​ពាណិជ្ជកម្ម​ក្នុងស្រុក​សម្រាប់​ចែកចាយ និង​ដាំ​ដុះ​នៅតាម​ទីសាធារណៈ​ចំនួន ១,៥​លាន​ដើម​/​ឆ្នាំ​។

​បន្ទាប់ពី​បាន​ពិនិត្យ​វឌ្ឍនភាព​ជារួម​របស់​ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា​នក ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ​ទាំងអស់​ដែល​បាន​រួមគ្នា​អភិវឌ្ឍន៍ ថែរក្សា និង​ការពារ​ដី​ស្ថានីយ​ប្រកបដោយ ចីរភាព និង​ប្រសិទ្ធភាព​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ជំរុញ លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ដាំ​ឈើ​គ្រប់​រូបភាព​ដូចជា​ការដាំ​បែប​លក្ខណៈ​គ្រួសារ ការដាំ​ដោយ​វិស័យ​ឯកជន​ដូចជា​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​ដាំ​ឈើ​ដៃគូ​សហការ​ជាមួយនឹង​រដ្ឋ ដើម្បី​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក បង្កើត​ប្រភព​នៃ​ការផ្គត់ផ្គង់​ឈើ​ក្នុងស្រុក និង​នាំចេញ​ផលិតផល​ឈើ​ពី​ចម្ការ​ឈើ​ដាំ​ជំនួស​ប្រភព​ផ្គត់ផ្គង់​ឈើ​ចេញពី​ព្រៃ​ធម្មជាតិ ធានា​ដល់​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

​ហេតុដូច្នេះ រដ្ឋបាល​ព្រៃឈើ​ត្រូវ​បន្តការងារ​ផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និង​សហការ​ជាមួយ​គ្រប់​ដៃគូ​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​” ដើម្បី​បន្ត​អភិវឌ្ឍន៍ មិន​ថា​ស្ថានីយ​នេះ ឫ​ស្ថានីយ​ផ្សេងទៀត​នោះទេ គឺ​វិស័យ​ព្រៃឈើ​ទាំងមូល ជាពិសេស​គោលនយោបាយ​ដាំ​ឈើ​ឲ្យ​កាន់តែ​ផុលផុស និង​កើន​ឡើងជា​បន្តបន្ទាប់​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close