គម្រោងដីឡូត៍មួយចំនួន ក្នុងសង្កាត់ស្មាច់មានជ័យ កំពុងបំពានលើចំណីអូរ តែអាជ្ញាធរគ្មានចំណាត់ការ

តាមប្រភពពីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនេសាទនៅតាមដងព្រែកកោះប៉ោ បានឲ្យដឹងថា មានម្ចាស់ដីឡូតិមួយកន្លែងកំពុងធ្វើសកម្មភាពចាក់លុបចំណីព្រែកនៅចំណុចមាត់ទឹក ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលអាជ្ញាធរមានការបិទបាំងមិនបង្ហាញអត្តសញ្ញាណ ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានថ្លែងថា វាហាក់ក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់ការបំពានយកចំណីអូរ ព្រែក និងការលួចកាប់បំផ្លាញព្រៃលិចទឹក ព្រៃកោងកាង ពីសំណាក់ក្រុមឈ្មួញខិលខូចមួយចំនួន ដែលមានលុយ មានអំណាចនិងខ្សែខ្នងអ្នកធំនោះ ដូចជាករណីខាងលើនេះ​ហាក់ពុំមានអាជ្ញាធរ និងជំនាញពាក់ព័ន្ធណាម្នាក់ហ៊ានចុះហាមឃាត់នោះឡើយ ផ្ទុយទៅវិញបែរជាអាជ្ញាធរសង្កាត់ផ្សំគំនិត ជួយជ្រោមជ្រែងឲ្យ​មាន​ការ​ចាក់ផ្លូវបេតុងរំលោភចំណីព្រែកសាធារណៈរបស់រដ្ឋថែមទៀតផង។

ជុំវិញបញ្ហានេះ ក្រុមការងារយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ បាននៅឡើយទេ ដោយសារទូរស័ព្ទលោកមិនអាច​ទំនាក់ទំនងបាន។

ដោយឡែកមន្ត្រីជំនាញភូមិបាលក្រុងខេមរភូមិន្ទវិញ បានថ្លែងថា ទីតាំងខាងលើ កន្លងមកអាជ្ញាធរចម្រុះដឹកនាំដោយរដ្ឋបាលខេត្តកោះកុង បានចុះទៅពិនិត្យ និងធ្វើការហាមឃាត់មិនឲ្យ​បន្តសកម្មភាពទៀតឡើយ ប្រសិនបើម្ចាស់ទីតាំងខាងលើ បន្តសកម្មភាពទៀត សូម​អ្នកសារព័ត៌មានសួរទៅខាងខេត្តបាន ព្រោះកន្លងមកខាងខេត្តជាអ្នកដឹកនាំកម្លាំងចុះផ្ទាល់។

លោក សុខ សុធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់តាមទូរស័ព្ទថា លោកពិតជាបានដឹកនាំកម្លាំងចុះពិនិត្យ និងហាមឃាត់ម្ចាស់ទីតាំងខាងលើ មិនឲ្យ​បន្តសកម្មភាពទៀតទេ ហើយលោកបានប្រគល់ការងារនេះឲ្យ​ខាងអាជ្ញាធរក្រុងជាអ្នកដោះស្រាយបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close