រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត ចូលជួប​ជម្រាបលា និង​ពិភាក្សា​ការងារ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​ប្រទេស​កម្ពុជា ចូលជួប​ជម្រាបលា និង​ពិភាក្សា​ការងារ​។​

​នៅក្នុង​ឱកាស​ជម្រាបលា​នោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​កន្លងមក​បាន​បង្កើត​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ស៊ុយ​អ៊ែត​លើ​ការងារ climate change ការកាត់បន្ថយ​ប្លា​ស្ទិ​ក និង​មានការ​សោកស្តាយ ដែល​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ត្រូវបាន​បញ្ចប់ នឹងត្រូវ​បន្ត​នៅ​បណ្តា​ប្រទេស​ផ្សេងទៀត ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ស៊ុយ​អ៊ែត នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ទាំង​ទ្វេភាគី ពហុភាគី និង​នៅលើ​ឆាក​អន្តរជាតិ ជាមួយ​កម្ពុជា ជាពិសេស​ការបន្ត​ផ្តល់ជូន​នូវ​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា ទៅ​សិក្សា​ថ្នាក់បណ្ឌិត និង​អនុបណ្ឌិត​នៅ​ប្រទេស​ស៊ុយ​អ៊ែត ជាមួយគ្នា​នោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​គោរព​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ដើម្បី​ចូល​រូ​ម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​កំរិត​ខ្ពស់​នៅ​ឆ្នាំក្រោយ​ផងដែរ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម Bjorn Haggmark ដែល​កន្លងមក​បាន​យក​អស់កំលាំង​កាយ​ចិត្ត ជម្រុញ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​បរិស្ថាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ក្រោម​ដំបូល​សុខសន្តិភាព​ស្ថេរភាព​នយោបាយ បាន​បើកឱកាស​អោយ​កម្ពុជា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ស៊ុយ​អ៊ែត ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​លើ​វិស័យ​បរិស្ថាន ។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជូនពរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត អោយ​ទទួលបាន​ជោគជ័យ​រាល់​បេសកម្ម​ការទូត នៅ​បណ្តា​ប្រទេស​ដទៃទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close