ចិន កំពុងតែដើរទន្ទឹមនឹងអាមេរិក ក្នុងវិស័យសំខាន់ៗ ពិសេសគឺទីអវកាស
ចិនបានបង្កើតស្ថានីយ៍អវកាសដោយឡែករបស់ខ្លួនហើយពេលនេះចិនក៏បានបញ្ជូនមនុស្សឡើងទៅកាន់ស្ថានីយ៍បំពេញការងាររយៈពេល៣ខែ។ នៅវេលាម៉ោង៩និង២២នាទី ថ្ងៃទី១៧ ខែមិថុនា លោក Nie Haisheng លោក Liu Boming និងលោកTang Hongbo បានជិះយានអវកាសផ្ទុកមនុស្ស Shenzhou-១២ ដើម្បីហោះហើរទៅកាន់បន្ទប់ស្នូល TianHe នៃស្ថានីយអវកាស។
ស្នាក់នៅអវកាសរយៈពេល៣ខែ លោក Nie Haisheng បានទៅកាន់អវកាសចំនួន៣ដង យោងតាមផែនការ បន្ទាប់ពីយានអវកាស Shenzhou-១២ បានចូលទៅក្នុងគន្លងតារាវិថី ដើម្បីតភ្ជាប់ទៅនឹងបន្ទប់ស្នូល Tianhe ហើយរួមបញ្ចូលគ្នាជាមួយបន្ទប់ស្នូល Tianhe និងយានអវកាសដឹកទំនិញ Tianzhou-2។ អវកាសយានិកចូលប្រចាំការនៅក្នុងបន្ទប់ស្នូលដោយអនុវត្តការងារនិងរស់នៅទីនោះ ។ បន្ទាប់ពីស្នាក់នៅបានប្រហែល៣ខែ អវកាសយានិកទាំងបីរូបនេះនឹងជិះយានអវកាសត្រឡប់មកទីតាំងចុះចត Dongfeng វិញ។
សមាសភាពអវកាសយានិកលើកនេះ លោក Nie Haisheng បានទទួលតំណែងជាមេបញ្ជាការ។ ក្នុងនាមជាអវកាសយានិក ដែលមានបទពិសោធន៍ខ្ពស់ លោកធ្លាប់បានចូលរួមក្នុងបេសកកម្មរបស់យានអវកាស Shenzhou-៦ និងយានអវកាសផ្ទុកមនុស្ស Shenzhou-10។ នេះជាលើកទី ៣ ដែលលោកទៅកាន់អវកាស។
នៅក្នុងការហោះហើរលើកនេះ អវកាសយានិកម្នាក់ៗបានហ្វឹកហាត់ជាង ៦,០០០ម៉ោង។ អវកាសយានិកទាំង៣ រូបនឹងបំពេញភារកិច្ចសំខាន់ៗចំនួន៤ ក្នុងអំឡុងពេលស្ថិតនៅលើតារាវិថីរួមមាន៖ ទី១ អនុវត្តការគ្រប់គ្រងប្រចាំថ្ងៃនៃបន្ទប់ស្នូល។ ទី២ អនុវត្តសកម្មភាពនៅខាងក្រៅបន្ទប់ស្នូល។ ទី៣ ធ្វើពិសោធន៍ខាងវិទ្យាសាស្ត្រអវកាសនិងបច្ចេកវិទ្យា។ ទី៤ អនុវត្តការគ្រប់គ្រងសុខភាពរបស់អវកាសយានិកដោយខ្លួនឯង ។
គេងដោយសេរី មានប្រព័ន្ធWiFi និង «បន្ទប់ងូតទឹក»… ដើម្បីលើកកម្ពស់ «ផាសុកភាព» របស់អវកាសយានិក នៅពេលសាងសង់ស្ថានីយអវកាស អ្នករចនាបានគិតគូរពីបរិយាកាសរស់នៅដ៏សមរម្យសម្រាប់អវកាសយានិកដោយបន្ទប់មានទំហំ ១១០ម៉ែត្រគូប។ ទន្ទឹមនឹងនេះ ស្ថានីយអវកាសចិនបានចែកជាមណ្ឌលរស់នៅនិងមណ្ឌលធ្វើការ។ តំបន់រស់នៅមានកន្លែងដេក បន្ទប់អនាម័យនិងកន្លែងហាត់ប្រាណដាច់ដោយឡែកពីគ្នា ក៏ដូចជាផ្ទះបាយនិងកន្លែងទទួលទានអាហារផងដែរ។ លើសពីនេះ អវកាសយានិកក៏អាចទទួលបាននូវ «សេរីភាពក្នុងការគេង» ផងដែរ។ ទោះបីជាពួកគេនៅតែត្រូវ «គេងនៅក្នុងថង់ដេក» ក៏ដោយ ប៉ុន្តែពួកគេអាចទម្រេតខ្លួនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។