ស្រាថ្នាំ តាំង គួ​យជិត ៣ម៉ឺនដប មាន​សារធាតុ​មេ​តា​ណុល ត្រូវបាន​បំផ្លាញចោល នៅ​ក្រុង​ប៉ោយប៉ែត

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បានធ្វើ​ការបំផ្លាញ​ស្រាថ្នាំ តាំង គួ​យ ចំនួន ២,៣១៣​យួរ ស្មើ ២៧,៧៥៦​ដប ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​លោកស្រី រស់ សុ​ផានី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ​។

​គូស​បញ្ជាក់ដែរថា ស្រាថ្នាំ តាំង គួ​យ បាន​បណ្តាលឱ្យ​មនុស្ស​ពុល​ស្លាប់​ចំនួន ៧​នាក់ (​ជនជាតិ​ថៃ​ចំនួន ០១​នាក់​) ដែល​ក្នុង​ស្រាថ្នាំ​នេះ​មាន​សារធាតុ​មេ​តា​ណុល​កំរិត​ខ្ពស់​ដល់ ១៤% (​អនុលោម <០.២%) (​របាយការណ៍​សុខាភិបាល​) ហើយ​ផលិតផល​ស្រាថ្នាំ តាំង គួ​យ នេះដែរ ល្មើ​សនឹង ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ត្រង់​មាត្រា​១៨ ជំពូក​ទី ៤ ចែងថា​៖ ត្រូវ​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​នូវ​ផលិតផល​ម្ហូបអាហារ​ដែ​ល​មាន​សភាព​ប្រែប្រួល​ខូចគុណភាព ឬ​មាន​ជាតិពុល ឬ​ផលិតផល​នោះ​មិន​ស្រប​នឹង​លក្ខណៈវិនិច្ឆ័យ​គុណភាព​ផ្នែក​អតិសុខុម​ជីវសាស្ត្រ ឬ​អនាម័យ ដែល​កំណត់​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រសួង​ពាក់ព័ន្ធ ហើយ​ត្រូវ​ទទួលទោស​ក្នុង​មាត្រា​៦៣ នៃ​ច្បាប់​ដដែល​ចែងថា​៖ ជន​ណា​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា ១៦ ១៧ ១៨ និង ២១ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(​មួយ​)​ខែ ដល់ ១(​មួយ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ ០០០ ០០០(​ប្រាំ​លាន​)​រៀល ដល់ ១០ ០០០ ០០០(​ដប់​លាន​) រៀល ឬ​ទោស​ណាមួយ​នៃ​ទោស​ទាំងពីរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close