ថៃ មិនមែនជា​កន្លែង​ស្តុក​សំរាម​ប្លា​ស្ទិ​ក​អន្តរជាតិ​

ប្រទេស​ថៃ​នឹង​ហាម​ការ​នាំចូល​សំណល់​អេតចាយ​ប្លា​ស្ទិ​ក រយៈពេល​៥​ឆ្នាំ ហើយ​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​បរិស្ថាន (PCD) ថែមទាំង​បាន​បដិសេធ​ចំពោះ​សេចក្តីរាយការណ៍​ថា ថៃ​គឺជា​កន្លែង​ស្តុក​សំរាម​ប្លា​ស្ទិ​ក​អន្តរជាតិ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ The Nation នា​ថ្ងៃទី​១៧ មិថុនា ២០២១​នេះ​។​

​ផ្អែក​តាម​ប្រភព​ដដែល PCD បាន​អះអាង កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​នាំចូល​សំរាម​ប្លា​ស្ទិ​ក​ទេ​។ តែ​បាន​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន​និង​ធនធានធម្មជាតិ​បានអនុញ្ញាត​ឲ្យ​នាំចូល​សំណល់​ប្លា​ស្ទីក​ដើម្បី​ផ្គត់ផ្គង់​ដល់​ផ្នែក​ឧស្សាហកម្ម ដោយ​ក្នុងនោះ ឆ្នាំមុន នាំចូល​ជាង​១៥​ម៉ឺន​តោន ខណៈ​ពី​ខែមករា​ដល់​ខែមេសា ឆ្នាំ​២០២១​នេះ នាំចូល​ជាង​៤​ម៉ឺន​៤​ពាន់​តោន​។​

​ប្រភព​បន្តថា ការនាំ​ចូល​នេះ​បាននិងកំពុង​បន្ត​កាត់បន្ថយ​ដល់​កម្រិត​សូន្យ ខណៈដែល​រដ្ឋាភិបាល​កំ​ពុង​ជំរុញ​សកម្មភាព​កែច្នៃ​សំរាម​ឡើងវិញ ក្នុងប្រទេស​ដែរ​។ កាលពី​ខែកញ្ញា ឆ្នាំ​២០២០ ថៃ​ក៏បាន​ហាម​ការ​នាំចូល​សំណល់​អេឡិចត្រូនិក​ដែរ ដោយមាន​ទាំង​ការពិន័យ​និង​ដាក់ពន្ធនាគារ​ចំពោះ​អ្នក​ដែល​បំពាន​បំរាម​នេះ​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close