ភូមិអន្លង់ពីរ ក្នុងស្រុកប្រាសាទបាគង ត្រូវកំណត់ជា «តំបន់លឿង» បន្ទាប់ពីមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩
រដ្ឋបាលខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១៨ មិថុនា ម្សិលមិញ បានកំណត់ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ជាតំបន់លឿង ក្រោយពីបានរកឃើញមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិនេះចំនួន៨ករណី ក្នុងនោះម្នាក់បានស្លាប់។
បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តថា ក្នុងចំណោមអ្នកវិជ្ជមានទាំង៨ករណីខាងលើ មានអ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ឈីវ រ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជ ប្រហិតចៀន នៅផ្ទះ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងមានការពាក់ព័ន្ធច្រើនជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនេះ អ្នកបើករថយន្តដឹកទំនិញ និងកម្មករលើកទំនិញ(ទំនិញភាគច្រើនជាស៊ីម៉ង់)។ ដោយមានអាការៈគ្រុនក្ដៅខ្លាំង និងពិបាក-ដកដង្ហើម ក្រុមគ្រួសារបានបញ្ជូន លោក ឈីវ រ៉ាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត វេលាម៉ោង០១៖១៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ ដោយស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង២៖១០នាទី នៅថ្ងៃខែឆ្នាំដដែល។
ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ តំបន់លឿង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចែងអំពីកាតព្វកិច្ច និងករណីលើកលែង ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលនឹងចេញផ្សាយនាពេលបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬបានចេញ-ចូលទីតាំងខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។